ប្រធានាធិបតីអាមេរិក ពិចារណាទិញយន្តហោះមួយទឹក មកកែច្នៃធ្វើជា Air Force One

កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ លោក Donald Trump ប្រធានាធិបតីអាមេរិកបានបង្ហើបឲ្យដឹងថា លោកកំពុងពិចារណា ទិញយន្តហោះ Boeing មួយទឹក ឬទិញពីបរទេស ដើម្បីយកមកកែច្នៃធ្វើជាយន្តហោះ Air Force One ទុកសម្រាប់បំពេញបេសកកម្មក្រៅប្រទេស។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា ការណ៍ដែលលោក Trump អះអាងបែបនេះ គឺដោយសារលោកមិនពេញចិត្តជាមួយក្រុមហ៊ុន Boeing ដែលបានចុះកិច្ចព្រមព្រៀងផលិតយន្តហោះ Air Force One ជំនាន់ថ្មីសម្រាប់ប្រធានាធិបតីអាមេរិក តែបែរជាអះអាងថា មិនអាចផលិតទាន់ពេលវេលា តម្រូវឲ្យលោកត្រូវរង់ចាំរហូតដល់ទៅឆ្នាំ២០២៨។

លោក Trump បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា “ពួកយើងកំពុងរកវិធីសាស្ត្រថ្មី ព្រោះបើសិនចាំ Boeing គឺយូរខ្លាំងណាស់។ ពួកយើងប្រហែលត្រូវទិញយន្តហោះមួយទឹក តែខ្ញុំមិនទិញពីក្រុមហ៊ុន Airbus ទេ។ ខ្ញុំកំពុងពិចារណាទិញយន្តហោះ Boeing មួយទឹកក្នុងស្រុក ឬពីបរទេស យកមកកែច្នៃជា Air Force One តែម្ដង”។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Boeing បានទទួលនូវកិច្ចព្រមព្រៀងតម្លៃ ៣,៩ពាន់លានដុល្លារ ដើម្បីផលិត និងដឹកជញ្ជូនយន្តហោះ Air Force One ជំនាន់ថ្មី នៅចុងឆ្នាំ២០២៤ ប៉ុន្តែក្រុមហ៊ុនបានពន្យារពេល រហូតដល់ឆ្នាំ២០២៨ ដែលធ្វើឲ្យប្រធានាធិបតី Donald Trump មានការមិនពេញចិត្តជាខ្លាំង៕

អត្ថបទ៖ Luffy រូបភាព៖ BusinessInsider