មូលនិធិទ្រព្យសម្បត្តិរុស្ស៊ីព្យាករថា ក្រុមហ៊ុនអាមេរិកនឹងវិលមកបណ្ដាក់ទុនរកស៊ីក្នុងស្រុកវិញ នាពេលឆាប់ៗ

មូលនិធិទ្រព្យសម្បត្តិរុស្ស៊ី The Russian Direct Investment Fund ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាល បានព្យាករថា ក្រុមហ៊ុនអាមេរិកមួយចំនួនធំ នឹងវិលត្រឡប់មកបណ្ដាក់ទុននៅប្រទេសរបស់ខ្លួនវិញ យ៉ាងយូរបំផុតត្រឹមដើមត្រីមាសទី២ ក្នុងឆ្នាំ២០២៥នេះ។

តាមដានជាមួយយើង៖ Million Times

ប្រធានមូលនិធិ Kirill Dmitriev បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនអាមេរិកជាច្រើន នឹងវិលមកទីផ្សាររុស្ស៊ីវិញ ក៏ប៉ុន្តែដំណើរការនៃការវិលមកវិញលើកនេះ ទំនងមិនមានភាពងាយស្រួលឡើយ ដ្បិតទីផ្សារមួយចំនួនធំ គឺស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហ៊ុនក្នុងស្រុកបាត់ហើយ។

គួររំលឹកបន្តិចថា បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ រដ្ឋាភិបាលអាមេរិកដែលកាលនោះ ដឹកនាំដោយអតីតប្រធានាធិបតី Joe Biden បានបញ្ជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ដោយបានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិកទាំងអស់ ចាកចេញពីទីផ្សារនៃប្រទេសមហាអំណាចមួយនេះ។

ជាលទ្ធផលក្រុមហ៊ុនអាមេរិកជាច្រើន បានបោះចោលប្រភពចំណូលពីទីផ្សារនៅរុស្ស៊ី ដោយលក់ក្រុមហ៊ុន និងភាគហ៊ុនខាតឡុងចុង ពោលសរុបការខាតបង់របស់ក្រុមហ៊ុនអាមេរិក ដែលបានចាកចេញពីប្រទេសរុស្ស៊ី គឺមានទំហំរហូតដល់ ៣២៤ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Khaleej Times