ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ម៉ៅ ចំណាន បានដឹកនាំសិល្បករនៃសមាគមសិល្បករខ្មែរ ទៅទស្សនកិច្ចផ្លូវក្រវ៉ាត់ព្រំដែន ដែលបច្ចុប្បន្នកងកម្លាំងវិស្វកម្មកំពុងតែសស្រាក់សស្រាំក្នុងការកសាង កាលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកស្រី ម៉ៅ ចំណាន បានលើកឡើងថា ទស្សនកិច្ចនេះគឺធ្វើឡើងតាមគោលបំណងរបស់សិល្បករ -សិល្បការិនី ដែលតែងទទូចចង់មកទស្សនាផ្ទាល់ ពីដែនអធិបតេយ្យ បូរណភាពដែនដីរបស់ខ្លួន នៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន ពិសេសក្នុងខេត្តមណ្ឌលគិរីនេះតែម្តង។


ជាមួយគ្នានេះក៏មកស្វែងយល់ និងផ្សព្វផ្សាយបន្តពី កិច្ចខិតខំប្រឹងប្រែង ការលះបង់ពុះពារក្នុងកិច្ចការពារបរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់នីតិកាលកន្លងមក បានយកចិត្តទុកខ្ពស់ចំពោះបញ្ហាព្រំដែន ហើយបានកែប្រែតំបន់ព្រំដែនដែលធ្លាប់តែប្រឈមមុខដាក់គ្នា ទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍។
លោកស្រីបន្តថា អ្នកចូលរួមទាំងអស់ ក៏បានស្វែងយល់ពីការលំបាករបស់កងកម្លាំងរបស់យើង ដែលបានពុះពារគ្រប់ឧបសគ្គ ប្រឈមនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ អាកាសធាតុ និងបញ្ហាប្រឈមជាច្រើនទៀត ដូចជាទីតាំងភូមិសាស្ត្រលំបាក។
លើសពីនេះ ការចុះមកទស្សនាផ្ទាល់នៅពេលនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានលើកឡើងថា ធ្វើឡើងគឺដើម្បីរួមចំណែក តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងមក សមាគមសិល្បករខ្មែរ បានកៀរគរសិល្បករ-សិល្បការិនីចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពជាមួយនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន»។ ដូច្នេះសមាគមបាននាំបងប្អូនសិល្បៈមួយចំនួនមកទស្សនានូវសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ពួកគាត់ រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រីបានថ្លែងបញ្ជាក់ថា «ខ្ញុំក៏ដូចជាបងប្អូនទាំងអស់ បានមើលឃើញយ៉ាងជាក់ច្បាស់ ពីភាពរឹងមាំនៃដែនអធិបតេយ្យរបស់កម្ពុជាយើង នាពេលនេះ និងតទៅអនាគត។ ទី១.ការចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុតតាមនិយាមការអន្តរជាតិជារបង។ ទី២. ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ផ្លូវក្រវាត់ព្រំដែន។ និងទី៣. ជំរុញការអភិវឌ្ឍ និងប្រជាជនមក រស់នៅតាមបណ្តោយព្រំដែនឱ្យកកាន់តែច្រើន ដើម្បីបង្កើតរបង ខឿនការពារជាតិ»។
សូមជម្រាបថា ការអនុវត្តគម្រោងកសាងផ្លូវខ្សែក្រវាត់ព្រំដែន ប្រាស់ថវិកាមូលនិធិព្រំដែន ដោយការឈូសផ្លូវទទឹង ៥ បើកមុខសម្រាប់រកខ្សែផ្លូវដំបូង សម្រេចបានប្រវែង ៩៥,៧០គ.ម ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦០,៧០គ.ម ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម។

ការឈូសផ្លូវទទឹង ២០ម. សម្រាប់រកអ័ក្សផ្លូវ សម្រេចបានប្រវែង ៨២,៧០គ.ម ខេត្តមណ្ឌលគិរីសម្រេចបានប្រវែង ៥៣,៣០គ.ម និងខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម។
ចំពោះការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៧១,៦០គ.ម ហើយខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤២,២០គ.ម ខេត្តរតនគិរី សម្រេចបានប្រវែង ២៩,៤០គ.ម៕






