Trump ​ចោទ​អ៊ុយក្រែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយបង្ខំឲ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាម BBC News ។

ថ្លែងពីវិមាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា ទៅកាន់អ្នកសារព័ត៌មាន លោក Trump បានគូសបញ្ជាក់អំពីប្រជាប្រិយភាពរបស់ប្រធានាធិបតី Volodymyr Zelensky ហើយកត់សម្គាល់ឃើញថា អ៊ុយក្រែនមិនទាន់រៀបចំការបោះឆ្នោតតាមកាលវិភាគនៅឡើយទេ ដោយសារច្បាប់អាជ្ញាសឹក។ ក្នុងន័យនេះ ទំនងជាលោក Trump ចង់ឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈប្រធានាធិបតីរុស្សុីក៏ចង់បានបែបនេះដែរ។

តាមដានជាមួយយើង៖ Million Times

សារនយោបាយរបស់លោក Trump កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីអាមេរិកបានជួបជាមួយគណៈប្រតិភូរុស្ស៊ីនៅទីក្រុង Riyadh ដើម្បីបើកកិច្ចចរចាបញ្ចប់ជម្លោះដែលបានអូសបន្លាយជិតបីឆ្នាំមកហើយ។ 

អាជ្ញាធរអ៊ុយក្រែនបានសម្តែងការមិនពេញចិត្តចំពោះការមិនចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុង Riyadh។ ប៉ុន្តែ​លោក Trump បាន​ច្រានចោល​ដោយ​ប្រាប់​អ្នកកាសែត​ថា អ៊ុយក្រែន​មាន​ពេល​បី​ឆ្នាំ​ដើម្បី​បញ្ចប់​សង្គ្រាម មុនពេលលោក​ចេញ​មក​ស្តីបន្ទោស​ទីក្រុង Kyiv សម្រាប់​ការ​ចាប់ផ្តើម​ជម្លោះ។

Trump បាននិយាយថា “អ្នកមិនគួរចាប់ផ្តើមវាទេ” ។ ទន្ទឹមនឹងនេះ វិមានក្រឹមឡាំង ធ្លាប់បានចោទប្រកាន់អ៊ុយក្រែនថា បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងរុស្ស៊ី៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC