លោក Jair Bolsonaro អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានរងការចោទប្រកាន់ពីបទរៀបចំគម្រោងធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល បន្ទាប់ពីលោកចាញ់ឆ្នោតកាលពីឆ្នាំ២០២២។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ការចោទប្រកាន់មួយនេះបានធ្វើឡើង ក្រោយក្រុមប៉ូលិសបើកការស៊ើបអង្កេតអស់រយៈពេល ២ឆ្នាំ ពោលចាប់ផ្ដើមដំបូងកាលពីដើមឆ្នាំ២០២៣ នៅពេលក្រុមអ្នកគាំទ្រលោក Bolsonaro នាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅរដ្ឋធានី Brasilia។


រដ្ឋអាជ្ញាបានចោទលោក Bolsonaro ថា បានរៀបចំគម្រោងដាក់ថ្នាំបំពុលលោក Luiz Inacio Lula da Silva ដែលត្រូវជាប្រធានាធិបតីបច្ចុប្បន្ន និងបាញ់សម្លាប់ចៅក្រមតុលាការកំពូលលោក Alexandre de Moraes ដែលជាសត្រូវរបស់លោកថែមទៀត។
ក្រៅពីលោក Bolsonaro រដ្ឋអាជ្ញាក៏បានចោទប្រកានមនុស្សចំនួន ៣៤នាក់ផ្សេងទៀតនៅក្នុងបទល្មើសប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ រួមមានឧត្តមសេនីយចូលនិវត្តន៍ Augusto Heleno និងអតីតមេបញ្ជាការកងទ័ពជើងទឹក Almir Garnier Santos និងមន្ត្រីយោធាជាច្រើនរូប។
បច្ចុប្បន្នតុលាការកំពូលប្រេស៊ីលទុកពេល ២សប្ដាហ៍ ដើម្បីឲ្យមេធាវីលោក Bolsonaro ធ្វើការឆ្លើយតបចំពោះបទចោទប្រកាន់មួយនេះ ហើយបើសិនជារកឃើញថា អតីតប្រធានាធិបតីរូបនេះ ពិតជាបានប្រព្រឹត្តខុសមែន លោកប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិចបំផុត ១០ឆ្នាំ៕
អត្ថបទ៖ Luffy រូបភាព៖ France24