ប្រធានាធិបតី Trump ប្រកាសទារពន្ធបន្ថែម ២៥% លើទំនិញនាំចូល ៣ប្រភេទ

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងចាប់ផ្ដើមទារពន្ធបន្ថែម ២៥% លើទំនិញនាំចូលមួយចំនួនរួមមាន រថយន្ត បន្ទះឈីប និងឱសថជាដើម។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ចំពោះការទារពន្ធបន្ថែមលើរថយន្តនាំចូល មេដឹកនាំអាមេរិកគ្រោងអនុវត្តវិធានការមួយនេះ ពីថ្ងៃទី០២ ខែមេសាតទៅ ខណៈចំពោះបន្ទះឈីប និងឱសថ មិនទាន់កំណត់ថ្ងៃទារពន្ធច្បាស់លាស់ឡើយ។

លោក Trump បានប្រាប់បណ្ដាញសារព័ត៌មានថា លោកចង់ទុកពេលឲ្យក្រុមហ៊ុនផលិតបន្ទះឈីប និងឱសថ មានពេលគ្រប់គ្រាន់ ក្នុងការពិចារណាមកសាងសង់រោងចក្រនៅអាមេរិក ដើម្បីជៀសវាងការតំឡើងពន្ធនាំចូល។

ប្រធានាធិបតីអាមេរិក Donald Trump បានហៅការទារពន្ធបន្ថែម ២៥% លើរថយន្តនាំចូលថា ជាការសងសឹក ដ្បិតកន្លងមកអាមេរិកត្រូវបង់ពន្ធលើរថយន្តនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារអឺរ៉ុបប្រហែល ១០% ខណៈរថយន្តដែលនាំចូលប្រទេសរបស់ខ្លួន បង់ពន្ធត្រឹម ២,៥%ប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ AP