ប្រធានាធិបតីឥណ្ឌូណេស៊ីទម្លាយថា វិធានការនាំចេញថ្មី នឹងបង្កើនទុនបម្រុងជាតិដល់ ៨០ពាន់លានដុល្លារ

កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានចុះហត្ថលេខាលើ​បទប្បញ្ញត្តិ​ ដែលតម្រូវឲ្យក្រុមហ៊ុននាំចេញក្រៅពីផលិតផលប្រេង និងឧស្ម័ន ត្រូវមានប្រតិបត្តិការក្នុងស្រុកមួយឆ្នាំយ៉ាងតិច ពោលត្រូវទូទាត់ការចំណាយរបស់ពួកគេ ជារូបិយប័ណ្ណរូពី ជាជាងរូបិយប័ណ្ណបរទេស មុននាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

មេដឹកនាំឥណ្ឌូណេស៊ីអះអាងថា វិធានការកំណត់ការនាំចេញថ្មីនេះ នឹងជួយបង្កើនទុនបម្រុងជាតិ រហូតដល់ ៨០ពាន់លានដុល្លារបន្ថែមទៀត ខណៈវិធានការនេះផងដែរ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែមីនាតទៅ។

លោក Prabowo បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ី ត្រូវតែផ្ដល់ផលប្រយោជន៍ជូនជនជាតិយើងទាំងអស់គ្នា តាមរយៈមូលនិធិអភិវឌ្ឍន៍ លំហូរសាច់ប្រាក់ក្នុងស្រុក បង្កើនទុនបម្រុងជាតិ និងស្ថេរភាពនៃអត្រាប្ដូរប្រាក់»។

គួររំលឹកបន្តិចថា មួយរយៈកាលចុងក្រោយ ឥណ្ឌូណេស៊ីបានព្យាយាមលើកកម្ពស់រូបិយប័ណ្ណជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយបណ្ដាប្រទេសមួយចំនួន តួយ៉ាងកាលពីដើមខែនេះ បងធំអាស៊ានបានព្រមព្រៀងជាមួយប្រទេសឥណ្ឌា ប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករៀងៗខ្លួន ជំនួសឲ្យប្រាក់ដុល្លារអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំង២៕

អត្ថបទ៖ Luffy រូបភាព៖ Berita Nasional