ទង់ជាតិកាណាដាលក់ដាច់ទ្វេដង ក្រោយការគំរាមកំហែងពីប្រធានាធិបតីអាមេរិក

ទិន្នន័យនៃការលក់ទង់ជាតិនៃប្រទេសកាណាដា មានកំណើនទ្វេដងបើធៀបនឹងឆ្នាំទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump គំរាមទារពន្ធបន្ថែម និងមានបំណងកាត់យកប្រទេសមួយនេះ ធ្វើជារដ្ឋទី៥១របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ម្ចាស់ក្រុមហ៊ុនផលិតទង់ជាតិកាណាដា Flags Unlimited លោក Matt Skipp បានអះអាងថា មុនថ្ងៃទិវាទង់ជាតិ ដែលតែងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែកុម្ភៈ ប្រជាជនកាណាដា បានបញ្ជាទិញទង់ជាតិរាប់ម៉ឺនសន្លឹក ដើម្បីបង្ហាញពីភក្ដីភាព និងសាមគ្គីភាពរបស់ជនជាតិកាណាដា ក៏ដូចជាបង្ហាញឲ្យលោក Trump ឃើញថា ជនជាតិកាណាដា មិនខ្លាចការគំរាមកំហែងរបស់លោកឡើយ។

បន្ថែមពីនោះ ជនជាតិកាណាដារាប់ពាន់នាក់ ក៏បានលុបចោលដំណើរកម្សាន្តរបស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិក និងបានធ្វើពហិការមិនទទួលទានគ្រឿងស្រវឹង និងទិញផលិតផលរបស់អាមេរិកលើទីផ្សារកាណាដាថែមទៀត បើទោះជាលោក Donald Trump ពន្យារពេលទារពន្ធបន្ថែមលើទំនិញនាំចូលពីកាណាដា ២៥% រយៈពេលមួយខែក្ដី។

គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមទារពន្ធបន្ថែមលើទំនិញនាំចូលពីប្រទេសកាណាដា ២៥% ដោយគ្រោងអនុវត្តវិធានការមួយនេះ ចាប់ពីខែក្រោយទៅ ខណៈថ្មីៗនេះលោកបានប្រកាសថា នឹងតំឡើងពន្ធនាំចូលរថយន្តពីប្រទេសមួយនេះ ចន្លោះពី ៥០ ទៅ ១០០% ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ CTV News