អភិបាលខេត្ត ៤រូបដឹកដៃគ្នាទៅរកភ្ញៀវនៅចិនដើម្បីមកវិនិយោគនៅកម្ពុជា

អភិបាលខេត្តជាប់មាត់សមុទ្រកម្ពុជាចំនួន ៤រូប សហការដឹកដៃគ្នាជិះយន្តហោះបំពេញបេសកកម្ម​​ទៅកាន់ទីក្រុង​ស៊ិនជិន​ ប្រទេសចិន​ រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមចេញដំណើរកាលថ្ងៃ​អាទិត្យ​ ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំង ៤រូប រួមមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីសិក្សាស្វែងយល់អំពីបទពិសោធជាក់ស្តែងក្នុងការរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រង និងប្រតិបត្តិការតំបន់រដ្ឋបាលសំខាន់ៗ ព្រមទាំងឆ្លៀតឱកាសទំនាក់ទំនងវិនិយោគិនចិនដែលមានសក្តានុពល សំដៅទាក់ទាញការវិនិយោគមកខេត្តរបស់ខ្លួនបន្ថែមទៀត។

ក្នុងបេសកកម្មមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ថ្ងៃទី ១៦ – ១៩ ខែកុម្ភៈ ដោយនៅថ្ងៃ​ចន្ទ​ម្សិលមិញ គណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park ហើយបន្តជួបប្រជុំជាមួយរដ្ឋបាល FTZ Administration និង ក្រុមហ៊ុន Qianhai Investment Holding Group Co., Ltd. ក្នុងគោលបំណងដើម្បីស្វែងយល់ពីការរៀបចំផែនការ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou។ 

គណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ ក៏បានទស្សនកិច្ចសិក្សានៅតំបន់ Qianhai Comprehensive Bonded Zone ជាតំបន់ភណ្ឋាគារមួយស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou ដែលផ្តោតលើការសម្រួលពាណិជ្ជកម្ម សេវាកម្មទំនើប និងនវានុវត្តន៍ ដេីម្បី​ស្វែងយល់ពីការរៀបចំផែនការ និងវឌ្ឍនភាពនៃការអភិវឌ្ឍ។ នេះបើតាមការឲ្យដឹងលើទំព័រហ្វេសបុករដ្ឋបាលខេត្តព្រះសីហនុ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ