ឆ្លងកាត់ការស៊ើបអង្កេតអស់ជាច្រើនខែ ទីបំផុតតុលាការថៃបានប្រកាសចោទប្រកាន់មហាសេដ្ឋី Boon Vanasin អតីតប្រធានក្រុមហ៊ុន Thonburi Healthcare Group (THG) ដែលផ្ដល់សេវាកម្មថែទាំសុខភាព ពីបទឆបោកទឹកប្រាក់ ១៦ពាន់លានបាត ឬប្រហែល ៤៨០លានដុល្លារជាផ្លូវការ។


ប៉ូលិសថៃបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេកំពុងតាមចាប់ខ្លួនមហាសេដ្ឋីថៃរូបនេះ ដោយបច្ចុប្បន្នអតីតប្រធានក្រុមហ៊ុន THG វ័យ ៨៦ឆ្នាំ បានរត់គេចខ្លួនពីប្រទេសថៃ ខណៈក្រុមប៉ូលិសកំពុងសុំការសហការពីប៉ូលិសអាំងទែរប៉ូល ដើម្បីចេញដីកាតាមចាប់ខ្លួនរូបលោក។
ការិយាល័យអគ្គមេធាវីបានអះអាងថា ពួកគេបានណែនាំនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) តាមចាប់ខ្លួនលោក Boon ឲ្យខាងតែបាន “ក្នុងរយៈពេល ១៥ឆ្នាំ មុនពេលដែលករណីនេះឈានដល់លក្ខន្តិកៈនៃការកំណត់”។
គួររំលឹកបន្តិចថា ប៉ូលិសថៃបានបើកការស៊ើបអង្កេតលើសំណុំរឿងមួយនេះតាំងពីចុងឆ្នាំមុន ហើយបានចាប់ខ្លួនអតីតភរិយា និងកូនស្រីរបស់លោក Boon រួមជាមួយប្រធានផ្នែកប្រចាំក្រុមហ៊ុន THG ជាច្រើនរូប ពីបទឆបោក និងលាងលុយកខ្វក់។
បច្ចុប្បន្ន លោក Boon កំពុងរត់លាក់ខ្លួននៅក្រៅប្រទេស ដោយមិនមានព័ត៌មានពីទីតាំងច្បាស់លាស់ឡើយ ប៉ុន្តែសារព័ត៌មានក្នុងស្រុកអះអាងថា សេដ្ឋីថៃវ័យចំណាស់រូបនេះ បានរត់ភៀសខ្លួនទៅប្រទេសចិន និងកំពុងសំងំលាក់ខ្លួននៅទីនោះ៕
អត្ថបទ៖ Luffy រូបភាព៖ ThaiPBS