ល្បីថាមនុស្សកំពូលលុយ Elon Musk មានកូនទី១៣ ជាមួយអ្នកនិពន្ធស្រស់ស្អាតមួយរូប

អ្នកនិពន្ធស្រស់ស្អាត Ashley St Clair បានប្រកាសលើបណ្ដាញសង្គម X ថា នាងមានកូនជាមួយមហាសេដ្ឋីមានបំផុតលើលោក Elon Musk ខណៈទារកម្នាក់នោះ បច្ចុប្បន្នមានអាយុ ៥ខែហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានTelegraph។

តាមដានជាមួយយើង៖ Million Times

ស្រីស្អាតវ័យ ២៦ឆ្នាំរូបនេះបានអះអាងថា កាលពី៥ខែមុន នាងបានផ្ដល់កំណើតឲ្យទារកម្នាក់ ដែលត្រូវជាកូនទី១៣ របស់មនុស្សកំពូលលុយ Elon Musk ហើយអ្នកទាំង២ បានទាក់ទងគ្នាលក្ខណៈស្ងាត់ៗ ដើម្បីធានាពីសុវត្ថិភាព និងឯកជនភាពរបស់កូនអ្នកទាំង២។

មូលហេតុដែលនាងចេញមុខទម្លាយព័ត៌មាននេះជាសាធារណៈ គឺដោយសារមួយរយៈចុងក្រោយ នាងពិបាកទាក់ទងមហាសេដ្ឋី Elon Musk ហើយក្រុមអ្នកសារព័ត៌មានទំនងដឹងរឿងរ៉ាវមួយនេះ ដែលធ្វើឲ្យនាងព្រួយបារម្ភពីសុវត្ថិភាពរបស់កូន ទើបបង្ខំឲ្យមហាសេដ្ឋីអាមេរិក ចេញមុខទទួលខុសត្រូវទាំងបែបនេះ។

Ashley បានអះអាងថា ពេលទាក់ទងជាមួយ Elon Musk នាងទទួលបានកាដូជាច្រើន រួមទាំងអាផាតមិនមួយកន្លែង នៅទីក្រុង New York ថែមទៀត។ អំឡុងពេលនាងមានផ្ទៃពោះ នាងត្រូវបានបង្ខំឲ្យរស់នៅបែបស្ងាត់ៗ មិនអាចចេញបំពេញការងារបាន ដោយរង់ចាំការទំនុកបម្រុងទាំងស្រុងពីមហាសេដ្ឋីរូបនេះ។

គួរជម្រាបដែរថា ក្រោយព័ត៌មានមួយនេះបែកធ្លាយលើបណ្ដាញសង្គម Elon Musk មិនបានចេញមុខបកស្រាយអ្វីឡើយ តែបានបង្ហោះសារមួយថា លោកនឹងសម្រាកពីបណ្ដាញសង្គមមួយរយៈ ដើម្បីផ្ដោតលើការងារដែលកំពុងមមាញឹកខ្លាំង។

អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិផ្សេងៗគ្នាថា ការអះអាងរបស់ Elon Musk ប្រៀបដូចជាការរត់យករួចខ្លួន ខណៈមួយចំនួនទៀតបង្ហាញការគាំទ្រចំពោះមហាសេដ្ឋីរូបនេះ៕

អត្ថបទ៖ Luffy រូបភាព៖ បណ្ដាញសង្គមរបស់អ្នកនាង Ashley St Clair