ប្រធានាធិបតីចិនគ្រោងរៀបចំកិច្ចប្រជុំមួយ ចូលរួមដោយធុរកិច្ចជនកំពូលៗ ដើម្បីលើកកម្ពស់វិស័យឯកជន

កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីចិន Xi Jinping ទំនងរៀបចំកិច្ចប្រជុំសំខាន់មួយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលប្រមូលផ្ដុំដោយធុរកិច្ចជនកំពូលក្នុងប្រទេស ដូចជាមហាសេដ្ឋី Jack Ma ជាដើម ដើម្បីជំរុញ និងលើកកម្ពស់វិស័យឯកជនក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

ដំណឹងនៃការធ្វើជាប្រធាននៃកិច្ចប្រជុំរបស់លោក Xi មួយនេះ បានកើតឡើងបន្ទាប់ពីចិន រងការគំរាមទារពន្ធបន្ថែមពីគូប្រជែងសហរដ្ឋអាមេរិក ហើយគេជឿថា កិច្ចប្រជុំមួយនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកវិធីសាស្ត្រទប់ស្កាត់ឥទ្ធិពលរបស់អាមេរិកលើចិន តាមរយៈការពង្រឹងវិស័យឯកជននៅក្នុងប្រទេស។

ប្រភពខាងដើមបានបង្ហើបថា ធុរកិច្ចជនដែលនឹងចូលរួមកិច្ចប្រជុំមួយនោះ ភាគច្រើនជាអ្នករកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងកំពុងប្រកួតប្រជែងទីផ្សារជាមួយអាមេរិក។ លោក Xi នឹងលើកទឹកចិត្តអ្នកជំនួញទាំងនោះ ឲ្យព្យាយាមពង្រីកទីផ្សាររបស់ពួកគេបន្ថែម ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយមានរដ្ឋាភិបាលជាអ្នកចាំជួយពីក្រោយ។

សូមជម្រាបដែរថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុងដុតដៃដុតជើង ក្នុងការរិះរកវិធីសាស្ត្រដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ខ្លាំងតាំងពីសម័យជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអចលនទ្រព្យក្នុងប្រទេស។

រដ្ឋាភិបាលក្រុងប៉េកាំងកំពុងលើកកម្ពស់ និងជំរុញការវិនិយោគយ៉ាងខ្លាំងក្នុងវិស័យឯកជន ជាពិសេសអ្នកដែលរកស៊ីក្នុងវិស័យបច្ចេកវិទ្យា ដ្បិតសព្វថ្ងៃបច្ចេកវិទ្យា AI កំពុងត្រូវប៉ាន់ខ្លាំង ហើយចិនកំពុងព្យាយាមគ្រប់គ្រងទីផ្សារអន្តរជាតិ ជាមួយផលិតផលបច្ចេកវិទ្យារបស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters