កាលពីពេលថ្មីៗនេះ ប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក លុបបំបាត់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ដើម្បីកាត់បន្ថយការចំណាយរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន EuroNews។


នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកធ្វើឡើងនៅទីក្រុងឌូបៃ លោក Musk បានថ្លែងប្រាប់តាមរយៈវីដេអូខលថា ជាជាងការធ្វើកំណែទម្រង់ជាមួយទីភ្នាក់ងារដែលមានស្រាប់ រដ្ឋាភិបាលអាមេរិកគួរតែសាកល្បងវិធីសាស្ត្រថ្មី គឺលុបបំបាត់ពួកគេទាំងស្រុង។
«ពួកយើងគួរតែលុបចោលនូវទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។ បើសិនយើងមិនដកឫសគល់នៃបញ្ហាឲ្យអស់ វាងាយស្រួលក្នុងការកើតឡើងវិញណាស់»។ នេះបើតាមសម្ដីរបស់លោក Elon Musk បានលើកឡើង។
សូមជម្រាបដែរថា ចាប់តាំងពីខែមុន DOGE បានចាត់វិធានការចុះឆែកឆេររាល់ព័ត៌មានសម្ងាត់ៗ របស់ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ក្រោមហេតុផលស៊ើបអង្កេតរកឫសគល់នៃការចំណាយដ៏លើសលុបរបស់រដ្ឋាភិបាល។ បុគ្គលិក DOGE ធ្លាប់បង្ហើបថា ការចំណាយដ៏ច្រើនរបស់រដ្ឋាភិបាល គឺបណ្ដាលមកពីបញ្ហាពុករលួយ និងកិបកេងថវិការដ្ឋ ដូច្នេះត្រូវតែលុបបំបាត់ចោល ហើយគួរតែបង្កើតទីភ្នាក់ងារថ្មីៗ ដែលមានចក្ខុវិស័យបម្រើផលប្រយោជន៍ជូនជាតិវិញ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP