កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន ៥.០០០.០០០ ដុល្លារ (ប្រាំលានដុល្លារអាម៉េរិក) ជូនមន្ទីរពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ពិធីប្រគល់ធ្វើឡើងដោយមានការចូលរួមពីស្រ្តីទី១កម្ពុជា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងនាយកមន្ទីរពេទ្យ ហ្លួងម៉ែ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។


លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងមានផែនការបើកទទួលអ្នកជំងឺមកសម្រាកចាប់ពីខែមីនាខាងមុខនេះ បានជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូនមន្ទីរពេទ្យនូវថវិកាចំនួន ៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀតនូវសម្ភារៈបរិក្ខារដែលមានដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។
លោកស្រីគូសបញ្ជាក់ថា ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។

សូមជម្រាបថា អតីតមន្ទីរពេទ្យស្រី្តនគរទេព បច្ចុប្បន្នជាមន្ទីរពេទ្យ ហ្លួងម៉ែ ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានប្តូរឈ្មោះជា «មន្ទីរពេទ្យ ហ្លួង ម៉ែ»។ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកយោបល់ជូនសម្តេច ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក»។
រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យ ហ្លួងម៉ែ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ១៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មន្ទីរពេទ្យបានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយគិតត្រឹមថ្ងៃចាប់បើកដំណើរការមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលពិនិត្យ ព្យាបាល អ្នកជំងឺបានចំនួន ៦.៩០៤នាក់ ដែលក្នុងនោះមានផ្នែកពិគ្រោះជំងឺទូទៅ, សង្គ្រោះបន្ទាន់, ជំងឺមហារីក, ជំងឺរោគស្ត្រី, ជំងឺពិគ្រោះមុនវះកាត់តូច និងវះកាត់តូច៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ កាកបាទក្រហមកម្ពុជា