កាលពីថ្ងៃទី១៣ ខែកុម្ភៈ សារព័ត៌មាន Wall Street Journal បានចុះផ្សាយថា រដ្ឋាភិបាលចិនបានបំផុសគំនិតរៀបចំទីតាំង សម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី Vladmir Putin និងប្រធានាធិបតីអាមេរិក Donald Trump ដើម្បីជួបគ្នាផ្ទាល់ ចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។


មន្ត្រីចិនបានដាក់សំណើទៅកាន់ក្រុមការងារលោក Trump តាមរយៈអន្តរការី ដើម្បីរៀបចំកិច្ចប្រជុំរវាងលោក នឹងមេដឹកនាំរុស្ស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។
កន្លងមកលោក Trump តែងតែអះអាងថា លោកមានសមត្ថភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីឡើងអង្គុយមេដឹកនាំអាមេរិក លោកមិនទាន់បង្ហាញពីផែនការបញ្ចប់សង្គ្រាមតាមរបៀបណាឡើយ។
យ៉ាងណាថ្មីៗនេះ ស្រាប់តែផ្ទុះព័ត៌មានថា មេដឹកនាំអាមេរិក គ្រោងជួបជាមួយលោក Putin ឆាប់ៗ ខណៈបញ្ហាសង្គ្រាមនៅអ៊ុយក្រែន នឹងក្លាយជាប្រធានបទក្ដៅ សម្រាប់លើកមកជជែកគ្នាក្នុងជំនួបមួយនោះ។
វិមានក្រឹមឡាំងក៏បានអះអាងដែរថា លោក Putin និងលោក Trump ពិតជាបានព្រមព្រៀងជួបគ្នាមែន ខណៈប្រធានាធិបតីរុស្ស៊ីអញ្ជើញមេដឹកនាំអាមេរិក បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ប៉ុន្តែលោក Trump ស្នើឲ្យមានការជួបគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ Luffy រូបភាព៖ Brookings Institution