ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ទទួលបានកិច្ចព្រមព្រៀងថ្មី តម្លៃជិត ៤០លានដុល្លារពីរដ្ឋាភិបាល ចំពេលកំពុងអនុវត្តវិធានការកាត់បន្ថយការចំណាយ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន រិះគន់មិនសំចៃមាត់លើ Musk ដែលជាម្ចាស់ក្រុមហ៊ុន។


តាមរយៈការបង្ហោះសាររបស់មេធាវី និងអ្នកស្រាវជ្រាវ Will Stancil បានសរសេរលើបណ្ដាញសង្គម X បានឲ្យដឹងថា ក្រុមហ៊ុន X ទទួលបានកិច្ចព្រមព្រៀងមួយ តម្លៃប្រហែល ៣៩លានដុល្លារ ខណៈម្ចាស់ក្រុមហ៊ុន Elon Musk និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE កំពុងកាត់បន្ថយការចំណាយ តាមរយៈការកាត់ផ្ដាច់ជំនួយរបស់ USAID និងក្រសួងអប់រំ។
អ្នកលេងបណ្ដាញសង្គមជាច្រើនរូប បានរិះគន់យ៉ាងខ្លាំងចំពោះបញ្ហាមួយនេះ ដោយបានលើកឡើងថា វាមិនខុសអីពីការកិបកេងលុយរដ្ឋាភិបាលស្រស់ៗឡើយ ពោលយកលុយពីជំនួយផ្សេងៗ តាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនរបស់ខ្លួន ទាំងដែលបានអះអាងថា កំពុងជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

មហាសេដ្ឋី Elon Musk ក៏បានឆ្លើយតបចំពោះបញ្ហាមួយនេះថា កុងត្រាដែលបានចុះហត្ថលេខានោះ គឺមិនមែនជាកិច្ចព្រមព្រៀងបុគ្គលឡើយ។ វាគឺជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍រួម ហើយលុយដែលបានមកពីកិច្ចកុងត្រាមួយនេះ ក៏មិនមែនចូលហោប៉ៅលោកដែរ តែត្រូវប្រើប្រាស់ក្នុងក្រុមហ៊ុន SpaceX ទាំងស្រុង៕
អត្ថបទ៖ Luffy រូបភាព៖ Will Stancil / AFP