ពលរដ្ឋថៃ រំពឹងចាយលុយជិត ៣ពាន់លានបាត នៅក្នុងថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់

កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានព្យាករថា នៅក្នុងថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់ខាងមុខ ប្រជាពលរដ្ឋថៃ នឹងចំណាយប្រាក់ប្រហែល ២,៧ពាន់លានបាត ឬប្រមាណ ៧៥,៦លានដុល្លារ កើនឡើង ៧,២% ធៀបនឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃទី១៤ កុម្ភៈខាងមុខ អាជីវកម្មដែលនឹងទទួលបានប្រាក់ចំណូលច្រើនរួមមាន ហាងលក់ផ្កា វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់ស្រា សណ្ឋាគារ និងហាងលក់សូកូឡាជាដើម។

UTCC បានអះអាងថា កំណើននៃការចាយវាយរបស់ប្រជាជននៅក្នុងទិវាបែបនេះ គឺបង្ហាញពីសុទិដ្ឋិនិយមយ៉ាងប្រសើរ ពីស្ថានភាពសេដ្ឋកិច្ច ដ្បិតប្រជាជនចំណាយច្រើន នោះចរន្តសេដ្ឋកិច្ច នឹងមានលំហូរយ៉ាងល្អ។

បន្ថែមពីនោះ UTCC ក៏បានព្យាករទៀតថា កំណើនសេដ្ឋកិច្ចថៃ ទំនងសម្រេចបានក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ២០២៥ ក៏ប៉ុន្តែពួកគេទំនងជួបប្រទះភាពរាំងស្ទះនៅឆមាសទី២ ក្នុងឆ្នាំនេះ បណ្ដាលមកពីភាពស្រពិចស្រពិលនៃទីផ្សារពិភពលោក គួបផ្សំនឹងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចផង៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost