ក្រុមហ៊ុន X របស់ Elon Musk យល់ព្រមសងជំងឺចិត្ត ១០លានដុល្លារ បញ្ចប់រឿងក្ដីជាមួយ Trump

កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនបណ្ដាញសង្គម X របស់មហាសេដ្ឋី Elon Musk បានយល់ព្រមបង់ប្រាក់ ១០លានដុល្លារ ដើម្បីបញ្ចប់រឿងក្ដីចាស់រវាងប្រធានាធិបតីអាមេរិក Donald Trump ជាមួយក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០២១។

តាមដានជាមួយយើង៖ Million Times

មុនពេល Elon Musk ក្លាយជាម្ចាស់ក្រុមហ៊ុន X ដែលពីមុនមានឈ្មោះថា Twitter ក្រុមហ៊ុននេះធ្លាប់ត្រូវបានប្ដឹង ដោយក្រុមការងាររបស់លោក Trump ជុំវិញការបិទគណនីរបស់លោក ក្រោយហេតុការណ៍វាយប្រហារវិមាន Capitol ក្នុងខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន X ដើរតាមគន្លងរបស់ក្រុមហ៊ុន Meta Platforms ដែលកាលពីខែមុន ក៏បានព្រមព្រៀងបង់លុយ ២៥លានដុល្លារ ដើម្បីបញ្ចប់រឿងក្ដីជាមួយលោក Trump ក្រោយក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សទាំងនេះ ទទួលបានពាក្យបណ្ដឹងតែមួយ។

បច្ចុប្បន្ន ក្រុមមេធាវីរបស់លោក Trump កំពុងរៀបឯកសារទាមទារការដោះស្រាយ ជាមួយក្រុមហ៊ុន Google ដែលបានរារាំងលោក ពីការប្រើប្រាស់កម្មវិធី YouTube ក្រោយហេតុការណ៍វាយប្រហារវិមាន Capitol កាលពីឆ្នាំ២០២១ ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ inkl