រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន សំណូមពរឲ្យអាមេរិកដកពួកគេចេញពីផែនការទារពន្ធដែកថែបបន្ថែម ២៥%

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Yoji Muto បាននិយាយនាថ្ងៃពុធ ទី១២ ខែកុម្ភៈថា ប្រទេសជប៉ុនកំពុងដាក់សំណើទៅកាន់សម្ព័ន្ធមិត្តអាមេរិក ជុំវិញការដកពួកគេចេញពីផែនការទារពន្ធបន្ថែម ២៥% ចំពោះការនាំចូលដែកថែប និងអាលុយមីញ៉ូម។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា សំណើរបស់រដ្ឋាភិបាលជប៉ុន ផ្ញើទៅកាន់ប្រធានាធិបតី Donald Trump កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albnese អះអាងថា អាមេរិកកំពុងពិចារណាលើកលែងការយកពន្ធដែកថែប ពីប្រទេសរបស់ខ្លួន។

គួររំលឹកបន្តិចថា កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទារពន្ធបន្ថែម ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេស ដោយគ្មានករណីលើកលែង។ ការធ្វើដូច្នេះគឺដើម្បីលើកកំពស់វិស័យឧស្សាហកម្មដែកថែប នៅក្នុងទឹកដីអាមេរិកឡើងវិញ។

លោក Trump ក៏បានអះអាងដែរថា ការតំឡើងពន្ធភ្លាមៗបែបនេះ នឹងធ្វើឲ្យអាមេរិកប្រឈមជាមួយហានិភ័យអតិផរណារយៈពេលខ្លី ក៏ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍រយៈពេលវែងជូនប្រជាជននាពេលក្រោយទៀត៕

អត្ថបទ៖ Luffy រូបភាព៖ BT