នាយករដ្ឋមន្ត្រី Anthony Albanese បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា លោកបានតេទូរស័ព្ទទៅប្រធានាធិបតី Donald Trump ជជែកគ្នាពីបញ្ហាពន្ធគយ ហើយមេដឹកនាំអាមេរិកកំពុងពិចារណា លើកលែងពន្ធគយលើការនាំចូលដែកថែបពីប្រទេសអូស្ត្រាលី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


លោក Albanese បាននិយាយថា «ខ្ញុំបានជជែកជាមួយប្រធានាធិបតីអាមេរិក អំពីកិច្ចព្រមព្រៀងលើកលែងពន្ធសម្រាប់ប្រទេសអូស្ត្រាលី។ គាត់បាននិយាយថា នឹងពិចារណាចំពោះបញ្ហាមួយនេះ ហើយខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំ ថានឹងទទួលបានលទ្ធផលវិជ្ជមាន»។
គួររំលឹកបន្តិចថា កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទារពន្ធគយបន្ថែម ២៥% លើពន្ធដែលមានស្រាប់ ចំពោះទំនិញដែកថែប និងអាលុយមីញ៉ូម នាំចូលសហរដ្ឋអាមេរិកទាំងអស់។ ការណ៍នេះបានធ្វើឲ្យមហាអំណាចជាច្រើន បង្ហាញការមិនពេញចិត្ត ដ្បិតការដំឡើងពន្ធមានចំនួនច្រើនខ្លាំងពេក។
អូស្ត្រាលី គឺជាដៃគូសន្តិសុខសំខាន់បំផុតមួយរបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយកាលពីឆ្នាំ២០២៣ ពួកគេបាននាំចេញដែកសរុបជាទឹកប្រាក់ ២៣៧លានដុល្លារ និងកាលពីឆ្នាំ២០២៤ បាននាំចេញអាលុយមីញ៉ូម ២៧៥លានដុល្លារ ចូលក្នុងទឹកដីអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Reuters