តម្លៃនាំចេញអង្ករបាក់៥% របស់វៀតណាម ធ្លាក់ដល់ចំណុចទាបបំផុតក្នុងរយៈពេល ៩ឆ្នាំ

នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ សមាគមន៍ចំណីអាហារវៀតណាមបានបញ្ចេញរបាយការណ៍ស្ដីពីការនាំចេញអង្ករបាក់៥% របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ ដោយតម្លៃរបស់វាបានថយចុះ ៥,៩% មកនៅត្រឹម ៣៩៩ដុល្លារក្នុងមួយតោន ដែលជាស្ថិតិអាក្រក់បំផុតក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ។

តាមដានជាមួយយើង៖ Million Times

អង្ករបាក់៥% របស់វៀតណាម មានតម្លៃធូរថ្លៃជាងគូប្រជែងគឺប្រទេសថៃ និងឥណ្ឌា ប្រហែល ៣២ដុល្លារ និង ១៤ដុល្លារក្នុងមួយតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

លោក Dinh Ngoc Tam នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Co May បាននិយាយថា តម្លៃនាំចេញអង្ករធ្លាក់ចុះបែបនេះ ដោយសារតែការកើនឡើងនៃការផ្គត់ផ្គង់សកល ដែលបណ្តាលមកពីការវិលត្រឡប់របស់ឥណ្ឌាចូលក្នុងទីផ្សារវិញ ជាមួយនឹងអង្ករបម្រុងយ៉ាងច្រើន។

ក្រុមហ៊ុនរកស៊ីក្នុងវិស័យមួយនេះ បានបង្ហាញក្ដីបារម្ភជាខ្លាំងជុំវិញបញ្ហាមួយនេះ ដោយពួកគេសន្និដ្ឋានថា តម្លៃនៃការនាំចេញអង្កររបស់វៀតណាម នឹងបន្តធ្លាក់ចុះថែមទៀត ដ្បិតបច្ចុប្បន្នគុណភាពអង្ករថៃ និងឥណ្ឌា ដែលជាគូប្រជែងធំបំផុតរបស់វៀតណាម ហាក់ត្រូវប៉ាន់ខ្លាំងជាងលើទីផ្សារពិភពលោក៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress