លោកស្រី Francoise Bettencourt Meyers មហាសេដ្ឋីស្រីមានបំផុតនៅប្រទេសបារាំង និងជាអ្នកស្នងមរតកក្រុមហ៊ុនលក់គ្រឿងសំអាងខ្នាតយក្ស L’Oréal បានប្រកាសថា នឹងចូលនិវត្តន៍ពីក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុន នាខែមេសាខាងមុខ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មហាសេដ្ឋីស្រីវ័យ ៧១ឆ្នាំរូបនេះ នឹងផ្ទេរតំណែងរបស់នាង ជាអនុប្រធានក្រុមហ៊ុនទៅកាន់កូនប្រុសឈ្មោះ Jean-Victor Meyers វ័យ ៣៨ឆ្នាំ ពេលលោកស្រីចូលនិវត្តន៍ ខណៈបច្ចុប្បន្នលោក Jean កំពុងកាន់តំណែងជាប្រធានផ្នែកមួយ។


ចំណែកឯតំណែងក្នុងក្រុមប្រឹក្សាភិបាល ដែលមហាសេដ្ឋីស្រីរូបនេះធ្លាប់គ្រប់គ្រងរយៈពេល ២៨ឆ្នាំ នឹងត្រូវជំនួសដោយលោក Alexandre Benais នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Tethys Invest ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន L’Oréal។
គួររំលឹកបន្តិចថា លោកស្រី Meyers គឺជាស្ត្រីដំបូងបំផុតលើពិភពលោក ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ប៉ុន្តែវាបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤ ដោយសារការលក់ផលិតផលគ្រឿងសំអាងនៅប្រទេសចិន មានការថយចុះ។
បច្ចុប្បន្ន លោកស្រី Francoise Bettencourt Meyers មានទ្រព្យសម្បត្តិប្រហែល ៧៦ពាន់លានដុល្លារ ហើយលោកស្រីត្រូវបានគេដឹងថា ចូលចិត្តរស់នៅបែបឯកជនភាព មិនសូវបង្ហាញភាពឡូយឆាយនៅតាមទីសាធារណៈឡើយ បើទោះជាមានលុយច្រើនហូរហៀរក្ដី៕
អត្ថបទ៖ Luffy រូបភាព៖ AFP