អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈនេះ បានរៀបចំពិធីអបអរសាទរខួប ១០ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការចាត់តាំងយុវជនគណ បក្សប្រជាជនកម្ពុជា ប្រមាណជាង ៣ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។


ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ខណៈពេលនេះបានកើនឡើងដល់ជាង ១៦ម៉ឺននាក់លើប្រទេសចំនួន ២០។
ក្នុងឱកាសជួបសំណេះសំណាល និងអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស នៅព្រឹកថ្ងៃសៅរ៍ដដែលនេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចផ្ទាល់ និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ពិសេសការម៉ាក់ងាយពីក្រុមជ្រុលនិយមមួយចំនួន។

សម្តេចក៏បានសម្តែងនូវមោទនភាពក្នុងការកសាងកំលាំងរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង ១៥ម៉ឺននាក់។
ជាមួយនឹងក្តីរីករាយចំពោះជោគជ័យ និងការរីកធំធាត់នៃកម្លាំងអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេសនោះ សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេស ជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់របស់ជនរួមជាតិយើង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី