កាលពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការ ដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ខណៈបុគ្គលដំបូងដែលទទួលរងថ្មបាក់មួយនេះដំបូងបង្អស់ គឺរដ្ឋអាជ្ញាជនជាតិអង់គ្លេស Karim Khan។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


ទណ្ឌកម្មដែលលោក Trump បានចុះហត្ថលេខានោះ គឺបញ្ជាឲ្យអាជ្ញាធរអាមេរិកបង្កកទ្រព្យសម្បត្តិ របស់បុគ្គលដែលជាប់ទណ្ឌកម្ម ICC នៅសហរដ្ឋអាមេរិក និងហាមឃាត់គ្រួសាររបស់ពួកគេ មិនឲ្យចូលក្នុងទឹកដីអាមេរិកបាន។
គួររំលឹកបន្តិចថា មេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក បានចេញបញ្ជាដាក់ទណ្ឌកម្ម ICC ជុំវិញការស៊ើបអង្កេតលើពលរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោក Karim Khan រដ្ឋអាជ្ញា ICC ស្នើឲ្យចេញបញ្ជាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Nentanyahu កាលពីខែឧសភា រហូតដល់ខែវិច្ឆិកា ទើបតុលាការ ICC យល់ព្រមសំណើមួយនេះ។
ICC បានសំណូមពរឲ្យសមាជិកទាំង ១២៤រដ្ឋ សហការក្នុងការចាប់ខ្លួនថ្នាក់ដឹកនាំអ៊ីស្រាអែល ក្រោមហេតុផលថា លោក Netanyahu បានធ្វើឧក្រិដ្ឋកម្មសង្រ្គាមប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា។ ប៉ុន្តែអាមេរិកច្រានចោលសំណើ តាមចាប់ខ្លួនសម្ព័ន្ធមិត្តដ៏ជិតដិតមួយនេះ។

សូមជម្រាបបន្ថែមថា ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាដោយផ្ទាល់ឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent ប្រឹក្សាជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio មានពេលរហូតដល់ ៦០ថ្ងៃ ដើម្បីដាក់ឈ្មោះបុគ្គលិក ICC ដែលគួរតែត្រូវទទួលទណ្ឌកម្ម៕
អត្ថបទ៖ Luffy រូបភាព៖ JFJ / Sky News