ប្រធានាធិបតីប៉ាណាម៉ា Jose Raul Mulino បានចោទសហរដ្ឋអាមេរិកថា កំពុងប្រឌិតរឿង និងនិយាយភូតកុហកទៅកាន់ពិភពលោក បន្ទាប់ពីនាយកដ្ឋានអាមេរិកអះអាងថា រាល់នាវាដឹកទំនិញរបស់រដ្ឋាភិបាល ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា នឹងមិនតម្រូវឲ្យបង់ថ្លៃសេវាកម្មទៀតឡើយ។


សារព័ត៌មាន BBC បានរាយការណ៍ថា កាលពីថ្ងៃពុធ នាយកដ្ឋានរដ្ឋអាមេរិកបានបង្ហោះសារលើបណ្ដាញសង្គម X ថា នាវាដឹកទំនិញអាមេរិក នឹងមិនតម្រូវឲ្យបង់ថ្លៃសេវាកម្ម ពេលឆ្លងកាត់ព្រែកជីកប៉ាណាម៉ាទៀតឡើយ។ ការណ៍នេះនឺងជួយសន្សំសំចៃថវិការដ្ឋអាមេរិក បានខ្ទង់រាប់លានដុល្លារក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ មេដឹកនាំប៉ាណាម៉ាក៏បានប្រតិកម្មជាមួយអំណះអំណាងខាងលើ ដោយបានឆ្លើយតបថា វាគឺជារឿងមិនពិត ហើយការទារថ្លៃសេវាកម្មនាវាដឹកទំនិញ គឺធ្វើឡើងដដែល។ លោកបានបញ្ជាឲ្យស្ថានទូតប៉ាណាម៉ានៅទីក្រុងវ៉ាស៊ីងតោន ប្រញាប់ចេញមកដោះស្រាយបញ្ហាមួយនេះ ដ្បិតវាមិនមែនជារឿងតូចតាច អាចបិទភ្នែកបិទច្រមុះបាន។
គួររំលឹកបន្តិចថា ព្រែកជីកប៉ាណាម៉ា កំពុងស្ថិតក្នុងរ៉ាដារបស់ប្រធានាធិបតី Donald Trump ដែលទាមទារចង់បានសិទ្ធគ្រប់គ្រងដោយអាមេរិកវិញ ក្រោមហេតុផលថា អាមេរិកជាអ្នកសាងសង់ ហើយចោទប៉ាណាម៉ាថា បានទាមទារថ្លៃសេវាកម្មលើនាវាដឹកទំនិញអាមេរិកថ្លៃហួសហេតុ។

ដោយឡែករដ្ឋាភិបាលប៉ាណាម៉ាប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនថា ថ្លៃសេវាកម្មដែលខ្លួនបានទាមទារ លើនាវាដឹកទំនិញ គឺអាស្រ័យទៅតាមទំហំនាវា គោលបំណងនៃនាវាដឹកជញ្ជូន និងប្រភេទនាវានីមួយៗ ហើយការទាមទារទាំងនេះ គឺអនុវត្តសម្រាប់គ្រប់នាវាទូទាំងពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា៕
អត្ថបទ៖ Luffy រូបភាព៖ AFP /BBC