នាថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ក្រសួងកសិកម្មថៃបានប្រកាសថា ពួកគេបានកប់ទុរេនចោល ៦៤,៧តោន បន្ទាប់ពីម៉ូយដុំចិនបដិសេធមិនទិញទុរេនទាំងនោះ ដោយសាររកឃើញថា វាបានជ្រលក់ថ្នាំឲ្យសាច់ទុរេនមានពណ៌លឿងស្អាត។


សារព័ត៌មានថៃ The Nation ក៏បានបញ្ជាក់ដែរថា ក្រសួងកសិកម្មបានពិសោធន៍លើទុរេនទាំងនោះ មុនយកទៅកប់ចោល ដោយបានរកឃើញនូវសារធាតុ Basic Yellow 2 ប្រើប្រាស់សម្រាប់បន្ថែមពណ៌ដល់សាច់ទុរេន។
អាជ្ញាធរថៃបានបង្កកអាជ្ញាប័ណ្ណនាំចេញទុរេនសម្រាប់ក្រុមហ៊ុនចំនួន ២៦ ដែលជាប់ពាក់ព័ន្ធនឹងករណីមួយនេះ ស្របពេលក្រសួងកសិកម្មក៏នឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ការនាំចេញទុរេនរបស់ខ្លួន ដើម្បីរារាំងហេតុការណ៍មួយនេះ មិនឲ្យកើតឡើងម្ដងទៀតនាពេលអនាគត។

គួររំលឹកបន្តិចថា ប្រទេសចិន គឺជាអ្នកទិញទុរេនធំបំផុតរបស់ថៃ ដោយកាលពីឆ្នាំទៅពួកគេបានចាយលុយដល់ជាង ៤ពាន់លានដុល្លារ ក្នុងការនាំចូលទុរេនពីប្រទេសមួយនេះ។
តែមួយរយៈចុងក្រោយ ចិនចាប់ផ្ដើមរឹតបន្តឹងលើការនាំចូលទុរេន ដោយសង្កេតឃើញថា ទុរេននាំចូលសារក្រោយសុទ្ធតែបានជ្រលក់ថ្នាំ ហើយទាល់តែទទួលបានការយល់ព្រមពីមន្ទីរពិសោធន៍នៅចិនជាមុនសិន ទើបពួកគេព្រមបង់លុយថ្លៃទំនិញតាមក្រោយ៕
អត្ថបទ៖ Luffy រូបភាព៖ Strait Times/ Khaosod