នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំចិន និងថៃ បានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់បន្ថែមទៀត បង្ក្រាបជនឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងទៀត។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jingping បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ ដើម្បីការពារប្រជាជន។


នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយថា ប្រទេសថៃមានឆន្ទៈក្នុងការធ្វើការជាមួយចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការឆបោកតាមអនឡាញ ការក្លែងបន្លំ ល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ ការលើកឡើងបែបនេះក្នុងកិច្ចពិភាក្សានៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំងក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់លោកស្រី Paetongtarn នៅប្រទេសចិន។
ជំនួបនោះ លោក Xi បានថ្លែងអំណរគុណដល់លោកស្រី Paetongtarn សម្រាប់វិធានការណ៍ដ៏រឹងមាំរបស់ថៃប្រឆាំងនឹងក្រុមជនឆបោកតាមអនឡាញមកលើប្រជាជនចិន ដែលថ្មីៗនេះ ថៃបានបិទការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។
លោកបន្ថែមថា “ភាគីទាំងពីរត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanathip Sawangsang បាននិយាយថា ខណៈដែលអ្នកទាំងពីរកំពុងជួបគ្នា មនុស្ស ៦១នាក់ត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកតាមអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។ លោកថា មានជនជាតិចិនប្រហែល ៣៤ នាក់ ក្រោពីនោះមានមកពីប្រទេសឥណ្ឌូណេស៊ី អេត្យូពី និងបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក។ លោកថ្លែងទៅកាន់កាសែត AFP ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកស្រី Paetongtarn បាននិយាយថា ប្រទេសថៃបានដាក់ផែនការស្ទាក់ចាប់សមាជិកក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ទឹកដីថៃជាចំណុចឆ្លងកាត់ទៅកាន់ប្រទេសផ្សេងទៀត តាមរយៈប្រព័ន្ធប្រកាសអាសន្នជាមួយប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានរដ្ឋាភិបាល។ លោកស្រីក៏បានធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសថៃផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Government House