កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ រដ្ឋាភិបាលចិនបានដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ជុំវិញបញ្ហាតំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump លើទំនិញនាំចូលពីចិន ១០%។


តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងកើតទុក្ខមិនសុខចិត្ត និងបានស្នើឲ្យមានការរៀបចំតុមូល ជជែកគ្នាពីបញ្ហាមួយនេះរវាងចិន និងអាមេរិក។
ក្រៅពីការតំឡើងពន្ធគយ ១០% លើទំនិញនាំចូលពីចិន អាមេរិកក៏បានប្រកាសលុបចោលនូវការលើកលែងពន្ធ ចំពោះទំនិញនាំចូលពីចិន និងហុងកុង ដែលមានតម្លៃក្រោម ៨០០ដុល្លារផងដែរ។ ការលុបចោលមួយនេះ បានធ្វើឲ្យក្រុមហ៊ុនរកស៊ីអនឡាញដូចជា Shein, Temu និង Amazon នៅហុងកុង ជួបផលលំបាកជាខ្លាំង ដ្បិតទំនិញតូចៗមួយប្រអប់ៗ ក៏តម្រូវឲ្យបង់ពន្ធដូចគ្នា។
ពាក្យបណ្ដឹងដែលចិនបានដាក់ទៅ WTO បានឲ្យដឹងថា ផែនការទារពន្ធថ្មីរបស់អាមេរិក ដែលអះអាងធ្វើឡើងដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនហ្វេតានីល ពីប្រទេសចិន គឺជាទង្វើមិនគួរកើតឡើង ដ្បិតវាជាការចោទប្រកាន់គ្មានក្បាលគ្មានកន្ទុយ ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង៕
អត្ថបទ៖ Luffy រូបភាព៖ NYT