នៅព្រឹឹកថ្ងៃព្រហស្បតិ៍នេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសឡាវ តបតាមការអញ្ជើញរបស់លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។
វត្តមាននៃការអញ្ជើញដល់របស់គណៈប្រតិភូកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។


សមាសភាពគណៈប្រតិភូអមដំណើរសម្តេចប្រធានព្រឹទ្ធសភា រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចនឹងមានជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។
គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនាពេលនេះ ត្រូវបានសម្តេច ហ៊ុន សែន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP