នាថ្ងៃទី០៦ ខែកុម្ភៈ នាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida បានជួបជាមួយ CEO ក្រុមហ៊ុន Honda លោក Toshihiro Mibe ជជែកគ្នាពីអនាគតនៃផែនការច្របាច់ក្រុមហ៊ុនទាំង២ បញ្ចូលគ្នា ខណៈលោកមេធំ Nissan បានប្រាប់ត្រង់ៗទៅលោក Mibe ថា ចង់លុបចោលអនុស្សរណៈនៃការយោគយល់ MOU ដែលបានចុះហត្ថលេខានាពេលកន្លង។


សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ថា សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ Nissan កើតឡើងបន្ទាប់ពីក្រុមហ៊ុន Honda ដាក់សំណើឲ្យក្រុមហ៊ុនរបស់ខ្លួន ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ពេលក្រុមហ៊ុនទាំង២ ក្លាយជាក្រុមហ៊ុនតែមួយ ខណៈសំណើរបស់ Honda ផ្ទុយស្រឡះពីអ្វីដែលក្រុមហ៊ុនទាំង២ ធ្លាប់បាននិយាយគ្នា និងបានធ្វើឲ្យ Nissan ខកចិត្តជាខ្លាំង។
គួររំលឹកបន្តិចថា កាលពីខែធ្នូឆ្នាំទៅ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុនទាំង២ បានប្រកាសពីគម្រោងការរួមបញ្ចូលក្រុមហ៊ុនតែមួយ ដើម្បីបន្តជំហរយ៉ាងរឹងមាំលើទីផ្សាររថយន្តមានភាពប្រកួតប្រជែងខ្ពស់។ ប៉ុន្តែការពិភាក្សាលើគម្រោងមួយនេះ មានការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ រហូតឈានដល់ការបោះបង់វាចោលតែម្ដង។
ក្រុមហ៊ុន Nissan នឹងធ្វើការសម្រេចចិត្តដកខ្លួនចេញពី MOU ជាផ្លូវការ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលនឹងត្រូវធ្វើឡើង មុនពេលការប្រកាសប្រាក់ចំណូលប្រចាំត្រីមាសទីបីរបស់ក្រុមហ៊ុននាសប្តាហ៍ក្រោយ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters