កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា ផែនការតំឡើងពន្ធគយរបស់ប្រធានាធិបតី Donald Trump គឺមានគោលបំណងបង្កើនការផលិត ក្នុងវិស័យឧស្សាហកម្មនៅអាមេរិកឡើងវិញ។


លោក Bessent បានប្រាប់ទៅកាន់សារព័ត៌មាន Fox Business ថា ពន្ធគយត្រូវបានផ្តោតទៅលើការជួយបង្កើតផលិតកម្មឡើងវិញ នៅសហរដ្ឋអាមេរិកក្នុងវិស័យសំខាន់ៗ ដែលគួរតែបង្កើនប្រាក់ចំណូលសាជីវកម្ម ហើយទីបំផុតនាំឱ្យប្រាក់ចំណូលធ្លាក់ចុះពីពន្ធគយខ្លួនឯង។
បុគ្គលសំខាន់ក្នុងជួររដ្ឋបាល Trump អះអាងទៀតថា បច្ចុប្បន្នមេដឹកនាំអាមេរិក កំពុងបន្តអនុវត្តយុទ្ធសាស្ត្រទារពន្ធគយផ្សេងៗគ្នា ទៅតាមប្រទេសនីមួយៗ តួយ៉ាងការគំរាមយកពន្ធបន្ថែមពីប្រទេសកូឡុំប៊ី ម៉ិកស៊ិក និងកាណាដា ដើម្បីធានាបាននូវការសហការពីរដ្ឋាភិបាលទាំងនោះ ជុំវិញបញ្ហាក្រៅពីពាណិជ្ជកម្ម ដូចជាបញ្ហាអន្តោប្រវេសន៍ជាដើម។
គួររំលឹកបន្តិចថា កន្លងមកលោក Donald Trump ប្រធានាធិបតីអាមេរិកធ្លាប់ប្រកាសថា រាល់ក្រុមហ៊ុនទាំងឡាយ ដែលគ្មានបំណងចង់បង់ពន្ធបន្ថែមពេលទំនិញចូលអាមេរិក អាចពិចារណាសាងសង់រោងចក្រផលិតនៅទីនោះស្រាប់ ពោលបើសិនទំនិញចេញពីរោងចក្រនៅអាមេរិកផ្ទាល់ នឹងមានការបន្ធូរបន្ថយពន្ធច្រើនជាងទំនិញនាំចូលពីបរទេស៕
អត្ថបទ៖ Luffy រូបភាព៖ FMT