ថៃផ្តាច់អគ្គិសនី ដើម្បីដាក់សម្ពាធមីយ៉ាន់ម៉ាឱ្យបង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន

ការបញ្ឈប់ការផ្គត់ផ្គង់ថាមពល និងឥន្ធនៈរបស់ប្រទេសថៃ កំពុងប៉ះពាល់ដល់សហគមន៍តាមព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលតំបន់មួយចំនួនកំពុងផ្គត់ផ្គង់អគ្គិសនីពីប្រទេសឡាវ ក្នុងចំនួនតិចតួច ខណៈអាជីវកម្មធំៗមានធនធានក្នុងការទិញម៉ាស៊ីនភ្លើងដោយខ្លួនឯង។ នេះបើយោងតាម Bangkok Post ។

រដ្ឋាភិបាលថៃកាលពីព្រឹកថ្ងៃពុធបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ Myawaddy, Payathongzu និង Tachileik តាមអំពាវនាវរបស់អាជ្ញាធរចិនដែលបាននិយាយថា ប្រតិបត្តិការក្រុមឆបោកតាមអនឡាញកំពុងក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសុវត្ថិភាពរបស់ពលរដ្ឋចិន។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលចុះត្រួតពិនិត្យការដាច់ចរន្តអគ្គិសនីនៅទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីខេត្ត (PEA) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul លើកឡើងថា ការកាត់ផ្តាច់នេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីចំនួន ២០ មេហ្គាវ៉ាត់។

លោកថា PEA រកចំណូលបានប្រហែល ៦០០ លានបាតក្នុងមួយឆ្នាំពីការផ្គត់ផ្គង់ថាមពលឆ្លងព្រំដែនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាចំនួនដ៏តូចមួយធៀបនឹងចំនួនសរុប ៦០០ ពាន់លានបាតក្នុងមួយឆ្នាំ។

លោក Anutin បាននិយាយថា ប្រសិនបើមីយ៉ាន់ម៉ាសន្យាជាផ្លូវការថានឹងបង្ក្រាបក្រុមឆបោកតាមអនឡាញ នោះការលក់អគ្គិសនីពីប្រទេសថៃអាចបន្តបាន។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ពេល​សួរ​ថា តើ​ការ​កាត់​ផ្តាច់​នេះ​នឹង​មាន​ប្រសិទ្ធភាព​ដោះស្រាយ​ក្រុម​ឆបោក​ ឬ​យ៉ាង​ណា។

លោក Charin Thongsuk អភិបាលខេត្តឈៀងរ៉ៃ ដែលមានព្រំប្រទល់ជាប់ខេត្ត Tachileik បាននិយាយថា អាជ្ញាធរនៅទីនោះកំពុងបង្កើនការនាំចូលអគ្គិសនីពីប្រទេសឡាវ ដើម្បីយកមកជំនួសឲ្យកាត់ផ្តាច់ពីប្រទេសថៃ។

បើតាមការចុះផ្សាយពីកាសែតក្នុងស្រុកថៃ ការផ្ដាច់ចរន្តអគ្គិសនីនេះបានប៉ះពាល់ដល់គ្រួសារប្រហែល ៧,៥០០ ព្រះវិហារ ៦៥ សាលារៀន ៤៥ ជំរុំយោធា ១៥ និងមន្ទីរពេទ្យចំនួន ៥ នៅក្នុងក្រុង Tachileik ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Assawin Pinitwong