នាថ្ងៃទី០៥ ខែកុម្ភៈ សមាជិកសភាហ្វីលីពីនបានបើកកិច្ចប្រជុំបោះឆ្នោតចោទប្រកាន់ និងទម្លាក់លោកស្រី Sara Duterte ចេញពីតំណែងអនុប្រធានាធិបតី ក្រោយរងការរិះគន់ជាប់ពាក់ព័ន្ធករណីពុករលួយ។
សារព័ត៌មាន BBC បានរាយការណ៍ថា លោកស្រី Duterter ត្រូវបានចោទប្រកាន់ពីបទកិបកេងលុយរាប់សិបលានដុល្លារ ពីមូលនិធិសាធារណៈ ដើម្បីមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន និងគំរាមសម្លាប់ប្រធានាធិបតី Ferdinand Marcos Jr.។
សមាជិកសភាចំនួន ២១៥រូប ក្នុងចំណោមសមាជិក ៣០៦រូប បានបោះឆ្នោតឯកភាពលើការចោទប្រកាន់អនុប្រធានាធិបតីរូបនេះ ខណៈលទ្ធផលបោះឆ្នោត ត្រូវរង់ចាំការសម្រេចពីព្រឹទ្ធសភាដែលមានសមាជិកចំនួន ២៤រូប មួយដំណាក់កាលទៀត។
ក្នុងករណីរកឃើញថា លោកស្រី Duterte ពិតជាប្រព្រឹត្តខុសមែន នោះលោកស្រីនឹងត្រូវបណ្ដេញចេញពីតំណែង និងក្លាយជាអនុប្រធានាធិបតីដំបូងក្នុងប្រវត្តិសាស្ត្រហ្វីលីពីន ដែលត្រូវបរាជ័យក្នុងការបោះឆ្នោតចោទប្រកាន់។ លោកស្រីក៏នឹងត្រូវហាមឃាត់ជាអចិន្ត្រៃយ៍ ពីការកាន់តំណែងសាធារណៈផងដែរ។
បច្ចុប្បន្ន លោកស្រី Sara Duterte នៅតែបន្តកាន់តំណែងជាអនុប្រធានាធិបតីដដែល ដោយត្រូវរង់ចាំរហូតដល់ព្រឺទ្ធសភា ធ្វើការកាត់ក្ដីសម្រេចពីជោគវាសនារបស់នាង ខណៈកាលបរិច្ឆេទនៅមិនទាន់កំណត់បាននៅឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ BangkokPost