ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Nissan ទំនងលុបចោលនូវកិច្ចព្រមព្រៀងបញ្ចូលក្រុមហ៊ុនជាមួយ Honda បណ្ដាលមកពីការខ្វែងគំនិត និងបញ្ហាផ្ទៃក្នុង។
សារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចពិភាក្សារវាងក្រុមហ៊ុនទាំង២ នេះចាប់ផ្ដើមតឹងសរសៃកខ្លាំងមួយរយៈចុងក្រោយ បន្ទាប់ពី Honda ធ្លាប់ប្រកាសថា Nissan នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រោយការច្របាច់បញ្ចូលក្រុមហ៊ុនតែមួយ។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://newekh.sgp1.cdn.digitaloceanspaces.com/Milliontimes/2025/02/Capture-1024x571.jpg)
សេចក្ដីប្រកាសរបស់ Honda បានធ្វើឲ្យក្រុមហ៊ុន Nissan មានការអាក់អន់ស្រពន់ចិត្ត ដ្បិតវាផ្ទុយស្រឡះពីការចរចាគ្នាដំបូង ដោយធ្លាប់សន្យាថា ក្រោយបញ្ចូលក្រុមហ៊ុនរួមគ្នា Nissan និង Honda នឹងក្លាយជាម្ចាស់អាជីវកម្មស្មើភាព។
ទាក់ទងនឹងបញ្ហាមួយនេះ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nissan នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជជែកពីជំហានបន្ទាប់ទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយ Honda។
គួររំលឹកបន្តិចថា កាលពីឆ្នាំទៅ ក្រុមហ៊ុន Honda និង Nissan បានប្រកាសច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ក្នុងគោលបំណងពង្រឹងជំហរក្នុងវិស័យឧស្សាហកម្មយានយន្ត ដែលមានការប្រកួតប្រជែងខ្ពស់ ជាពិសេសគឺគូប្រជែងចិន ក្រុមហ៊ុន BYD។ ដំណឹងនៃការរួមបញ្ចូលក្រុមហ៊ុននេះ បានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងក្នុងវិស័យជំនួញ ដ្បិតក្រុមហ៊ុនទាំង២ នេះ គឺជាសុទ្ធជាកំពូលអ្នកផលិតរថយន្តនៅជប៉ុន៕
អត្ថបទ៖ Luffy រូបភាព៖ Reuters