នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នាកោះអញ្ជើញលោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក។
សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថា ការកោះហៅលោកស្រី Love Rya ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួននាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
មានអាយុ ៤០ឆ្នាំ លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya គឺជាអ្នករកស៊ីតាមរយៈអនឡាញលើផលិតផលឡេ ហើយត្រូវបានគេមើលឃើញថាកំពុងជោគជ័យយ៉ាងសម្បើម មានទ្រព្យសម្បត្តិ សម្ភារប្រេនៗ ពិសេសរថយន្តទំនើបៗរាប់គ្រឿងជិះទៅណាមកណាផ្អើលអស់អ្នកស្រុក។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី Love Rya នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម