ក្រសួងទេសចរណ៍ កំពុងពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍ កាលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្ត បទល្មើសទេសចរណ៍ មានគោលដៅពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍ និងទប់ស្កាត់បទល្មើសទេសចរណ៍។
លោក ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការក្រសួងទេសចរណ៍ បានឲ្យដឹងថា ការពិគ្រោះយោបល់នេះ គោលបំណងប្រមូលមតិយោបល់ ជាធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យសេចក្ដីព្រាងប្រកាសនេះអាចដាក់ឱ្យអនុវត្តបានប្រកបដោយសុខដុមនីយកម្ម និងទទួលបានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល៧ ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលជាយន្តការមិនអាចខ្វះបាននិងមានប្រសិទ្ធភាពក្នុងការគាំទ្រពិពិធកម្មនិងកំណើន និងការបន្តពង្រឹងការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, ការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព គ្មានការរើសអើង តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មី និងការបង្កើតផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោកលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គមកម្ពុជាប្រមាណ១៣% នៃផលិតផលក្នុងស្រុកសរុប(GDP) បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ ៦៣ម៉ឺននាក់ និងការងារដោយប្រយោលជាង ១លាននាក់។ ជាងពីរទស្សវត្សរ៍មកនេះ វិស័យទេសចរណ៍កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះគួរឱ្យកត់សម្គាល់ក្នុងអត្រាកំណើនមធ្យម ១២% ក្នុងមួយឆ្នាំ។
ជាក់ស្តែងនៅឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៦,៧លាននាក់ មានសន្ទុះកើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩(មុនវិបត្តិកូវីដ-១៩) និងបាននាំមកនូវប្រាក់ចំណូលជិត ៤ ពាន់លានដុល្លារអាមេរិក (៣.៦៣៧លានដុល្លារអាមេរិក)។ ដោយឡែកទេសចរជាតិបានធ្វើដំណើរកម្សាន្ត មានចំនួនប្រមាណជាង ២២លាននាក់ (២២.៥២លាននាក់) មានការកើនឡើង ១៩%៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងទេសចរណ៍