កាលពីថ្ងៃទី០២ ខែកុម្ភៈ ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក Donald Trump បានបណ្ដេញលោក Rohit Chopra ចេញពីមុខតំណែងជាប្រធានការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ (CFPB) ខណៈនេះគឺជាការជម្រុះចោលបុគ្គលិកនៃរដ្ឋបាលអតីតប្រធានាធិបតី Joe Biden ចុងក្រោយបង្អស់។
លោក Chopra ទទួលបានដំណឹងពីការបញ្ឈប់ការងារ តាមរយៈការផ្ញើសារអ៊ីម៉ែល ខណៈកន្លងមកលោកក៏ធ្លាប់ប្រកាសជាសាធារណៈថា លោកនឹងចុះចេញពីតំណែង បើសិនជាប្រធានាធិបតីថ្មីស្នើសុំ បើទោះជាតាមច្បាប់ លោកមានសិទ្ធបន្តជាប្រធាន CFPB រយៈពេល ៥ឆ្នាំក៏ដោយ។
លោក Chopra គឺជានិយតករដ៏មានឥទ្ធិពលមួយរូបក្នុងជួររដ្ឋបាលអតីតប្រធានាធិបតី Joe Biden។ អំឡុងពេលកាន់តំណែង លោក Chopra បានលុបចោលបំណុលវេជ្ជសាស្ត្រចេញពីបញ្ជីឥណទាន និងបានកំណត់ការពិន័យ ចំពោះការបង់ការប្រាក់យឺតយ៉ាវ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយយុត្តិធម៌ សម្រាប់ជួយដល់ប្រជាជន។ ប៉ុន្តែសកម្មភាពរបស់អតីតប្រធាន CFPB រូបនេះ ត្រូវបានមនុស្សជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ ចាត់ទុកជាទង្វើល្មើសច្បាប់៕
អត្ថបទ៖ Luffy រូបភាព៖ CNN