សាន់ឆាយ តួស្រីរឿង «F4» តៃវ៉ាន់ បាត់បង់ជីវិតនៅជប៉ុន ដោយសារជំងឺ១នេះ

ដំណឹង​ដ៏​តក់ស្លុត​កក្រើក​​វិស័យ​សិល្បៈទូទាំងពិភពលោក​នា​ដើម​ឆ្នាំ​នេះ គឺ​ការ​បាត់បង់​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព Barbie Hsu ដែល​អ្នក​គាំទ្រ​ខ្មែរ​ស្គាល់​ជា សាន់ឆាយ ក្នុង​រឿង «F4» តៃវ៉ាន់ ល្បី​ខ្លាំង​កាលពីជាង ២០ ឆ្នាំ​មុន។

តាមដានជាមួយយើង៖ Million Times

សាន់ឆាយ តារា​សម្ដែង​តៃវ៉ាន់ បាន​ទទួលមរណភាព​ក្នុង​វ័យ ៤៨ឆ្នាំ ក្រោយ​កើត​មាន​ជំងឺ​រលាកសួត ដែល​កើត​ចេញ​ពី​ជំងឺ​ផ្ដាសាយ អំឡុង​ពេល​ទៅ​ដើរ​លេង​ជួបជុំ​គ្រួសារ​នៅ​ឯ​ប្រទេស​ជប៉ុន នា​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន។

ទាក់ទង​ព័ត៌មាន​ចចាមអារ៉ាម​នៃ​ការ​ស្លាប់​របស់ សាន់ឆាយ បាន​កើតឡើង​តាំងពី​​ថ្ងៃ២ ខែ​កុម្ភៈ លើ​បណ្ដាញ​សង្គម។ ទើបតែ​ថ្ងៃ​នេះ​ប្អូន​ស្រី Barbie Hsu បាន​សម្រេច​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​៣ ខែ​កុម្ភៈ ឆ្នាំ ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍មួយក្នុងកម្មវិធីសារព័ត៌មានរបស់ TVBS។

មួយ​រយៈ​ចុងក្រោយ​នៃ​ជីវិត Barbie មិន​សូវ​សម​ប្រកប​ប៉ុន្មាន​ឡើយ ដោយសារ​តែ​បញ្ហា​លែងលះ​ជាមួយ​អតីត​ស្វាមី ព្រម​ទាំង​រឿងរ៉ាវ​ស្វាមី​បច្ចុប្បន្ន​តែងតែ​ត្រូវ​បាន​គេ​រិះគន់ និង​លេចឡើង​ក្ដីក្ដាំ​ឥត​ឈប់ឈរ​ថែម​ទៀត។

រឿង «F4 ឬ JVKV» ដែល​ផលិតកាលពី​ឆ្នាំ ២០០១ ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​បំផុត​របស់ Barbie Hsu ហើយ​កេរ្តិ័ឈ្មោះ​នាង​ នៅតែ​ល្បីល្បាញ​មក​ទល់​ពេល​នេះ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Vnexpress