រយៈពេល ២សប្ដាហ៍ បន្ទាប់ពីទទួលតំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE) មហាសេដ្ឋី Elon Musk បានកំពុងកែប្រែវប្បធម៌ការងារក្នុងនាយកដ្ឋានរបស់លោក ដោយប្រកាសថា DOGE នឹងធ្វើការងារ លើសពីនាយកដ្ឋានផ្សេងៗដល់ទៅ ៣ដងឯណោះ។
មហាសេដ្ឋីអាមេរិកបានបង្ហោះសារលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈថា ” DOGE នឹងធ្វើការងាររហូតដល់ ១២០ម៉ោងក្នុងមួយសប្ដាហ៍ ស្របពេលនាយកដ្ឋានផ្សេងទៀត ធ្វើការត្រឹម ៤០ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍”។
ក្រោយការបង្ហោះសាររបស់លោក Elon Musk ក៏មានមតិជាច្រើនបានឆ្លើយតបផងដែរ ដោយក្នុងនោះមានគណនីមួយរិះគន់ថា វប្បធម៌ការងាររបស់ Musk ហាក់ដូចជាជ្រុលខ្លាំងពេក ដ្បិតបើចង់សម្រេចបានប្រសិទ្ធភាពការងារ ១២០ម៉ោងក្នុងមួយសប្ដាហ៍ បុគ្គលិកត្រូវធ្វើការយ៉ាងតិច ១៧ម៉ោងក្នុងមួយថ្ងៃ រាប់បញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថែមទៀត។
ការដាក់កំហិតម៉ោងការងារច្រើនបែបនេះ ដោយសារ Elon Musk ចង់ពន្លឿនល្បឿនការងាររបស់នាយកដ្ឋាន DOGE ដែលត្រូវបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ខណៈមហាសេដ្ឋីមានបំផុតលើលោករូបនេះអះអាងថា នឹងព្យាយាមកាត់បន្ថយការចំណាយរបស់សហព័ន្ធ រហូតដល់ ១ទ្រីលានដុល្លារ។
គួររំលឹកបន្តិចថា Elon Musk គឺជាមនុស្សម្នាក់ងប់ងុលជាមួយការងារ ពោលកាលពីចុងឆ្នាំ២០២២ ក្រោយពេលទិញយកក្រុមហ៊ុន Twitter ភ្លាម លោកបានកំណត់ម៉ោងការងាររហូតដល់ ៨០ម៉ោងក្នុងមួយសប្ដាហ៍៕
អត្ថបទ៖ Luffy រូបភាព៖ BusinessInsider