លោក John Harold Rogers អតីតទីប្រឹក្សាជាន់ខ្ពស់សម្រាប់ភ្នាក់ងារទុនបម្រុងសហព័ន្ធអាមេរិក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី៣១ ខែមករា ក្រោយរងការចោទប្រកាន់ពីបទលួចព័ត៌មានពាណិជ្ជកម្មសម្ងាត់របស់សហព័ន្ធ ផ្ដល់ឲ្យប្រទេសចិន។ នេះបើតាមការប្រកាសពីក្រសួងយុត្តិធម៌អាមេរិក។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Rogers ដែលធ្លាប់បម្រើការងារនៅភ្នាក់ងារទុនបម្រុងសហព័ន្ធ ផ្នែកហិរញ្ញវត្ថុអន្តរជាតិពីឆ្នាំ២០១០ ដល់ឆ្នាំ២០២១ បានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ្នករួមគំនិតចិន ដែលធ្វើជាអ្នកស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់ប្រទេសចិន ហើយបានតាំងខ្លួនជានិស្សិតបញ្ចប់ការសិក្សានៅអាមេរិក។
តាមរយៈការចោទប្រកាន់បានឲ្យដឹងថា លោក Rogers បានចាប់ផ្ដើមចែករំលែកព័ត៌មានសម្ងាត់ ទាក់ទងនឹងទិន្នន័យសេដ្ឋកិច្ច និងព័ត៌មានរសើបពាក់ព័ន្ធជាមួយការពិភាក្សាអំពីអត្រាការប្រាក់ ហើយបន្ទាប់មកបានបញ្ជូនវាទៅអ្នករួមគំនិត អំឡុងពេលលោកធ្វើពុតជាគ្រូបង្រៀននៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។
ក្រសួងយុត្តិធម៌អះអាងទៀតថា ជាថ្នូរនឹងការផ្ដល់ព័ត៌មានឲ្យប្រទេសចិន លោក Rogers ទទួលបានភាគលាភយ៉ាងច្រើនរួមមាន ថ្លៃធ្វើដំណើរ ការស្នាក់នៅហូបចុក អំឡុងពេលលោកនៅប្រទេសចិន និងការធ្វើដំណើរកម្សាន្តផ្សេងៗ។
អតីតទីប្រឹក្សាជាន់ខ្ពស់រូបនេះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការប្រព្រឹត្តចារកម្មសេដ្ឋកិច្ច និងការធ្វើសេចក្តីថ្លែងការណ៍មិនពិត ខណៈបច្ចុប្បន្នលោកកំពុងស្ថិតក្រោមការឃុំខ្លួន រង់ចាំការកាត់ក្ដីដែលគ្រោងធ្វើឡើងនាថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕
អត្ថបទ៖ Luffy រូបភាព៖ Times Now