ប្រធានាធិបតីអាមេរិកបញ្ជាក់ជាថ្មីថា គ្មានអ្វីអាចរារាំងការតំឡើងពន្ធគយលើកាណាដា និងម៉ិកស៊ិកបានឡើយ

កន្លងមកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងចាប់ផ្ដើមតំឡើងពន្ធគយលើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក រួមទាំងប្រទេសចិន ចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ ហើយថ្មីៗនេះលោកបានបញ្ជាក់ជាថ្មីថា វាគ្មានហេតុផលណា ដែលអាចរារាំងវិធានការមួយនេះបានជាដាច់ខាត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ អាមេរិកនឹងចាប់ផ្ដើមទារពន្ធគយបន្ថែម ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ខណៈទំនិញនាំចូលពីប្រទេសចិន នឹងត្រូវតំឡើងពន្ធបន្ថែម ១០% ដោយគ្មានការលើកលែងអ្វីទាំងអស់។

ទាក់ទងនឹងបញ្ហាមួយនេះ សេដ្ឋវិទូ រួមទាំងប្រធានក្រុមហ៊ុននៅអាមេរិកជាច្រើនបានបង្ហាញក្ដីបារម្ភថា ការតំឡើងពន្ធគយ នឹងអាចបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាបង្កឲ្យកើតមានវិបត្តិអតិផរណា ដោយសារទំនិញនាំចូលមួយចំនួនមានការឡើងថ្លៃ។

ប្រធានាធិបតីអាមេរិក Donald Trump ក៏បានទម្លាយប្រាប់អ្នកសារព័ត៌មានថា លោកដឹងថាការតំឡើងពន្ធនេះ នឹងធ្វើឲ្យទំនិញឡើងថ្លៃមួយរយៈពេលខ្លី ក៏ប៉ុន្តែលោកចាំបាច់ត្រូវចាត់វិធានការបែបនេះ ដើម្បីផ្ដល់ផលប្រយោជន៍រយៈពេលវែង សម្រាប់ជនជាតិអាមេរិកកាំង៕

អត្ថបទ៖ Luffy រូបភាព៖ Barron’s