មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន LVMH ពិចារណាពង្រីកអាជីវកម្មនៅលើទឹកដីអាមេរិក

ប្រធានក្រុមហ៊ុន LVMH មហាសេដ្ឋីបារាំង Bernard Arnault បានប្រកាសថា លោកកំពុងមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump បង្ហាញអត្ថប្រយោជន៍មួយចំនួន សម្រាប់ក្រុមហ៊ុនដែលចង់មករកស៊ីនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក។

តាមដានជាមួយយើង៖ Million Times

កំពូលអ្នកមានដាច់គេនៅអឺរ៉ុបរូបនេះ ចាប់ផ្ដើមចាប់អារម្មណ៍ចង់ពង្រីកអាជីវកម្មនៅលើទឹកដីអាមេរិក បន្ទាប់ពីលោក Trump អះអាងថា នឹងមានការបន្ធូរបន្ថយពន្ធជាច្រើន ខណៈលោក Arnault បានរិះគន់ខ្លាំងលើវិធានការទារពន្ធសាជីវកម្ម របស់រដ្ឋាភិបាលបារាំង។

ចំណុចមួយទៀត ដែលធ្វើឲ្យក្រុមហ៊ុន LVMH ចាប់អារម្មណ៍ជាមួយទីផ្សារអាមេរិក គឺទិន្នន័យលក់របស់ពួកគេនៅប្រទេសចិនមានការធ្លាក់ចុះខ្លាំង ដូច្នេះចាំបាច់ស្វែងរកទីផ្សារថ្មី ដែលសំបូរអភិជនចាយវាយលើសម្ភារៈប្រណីតៗ។ អាមេរិកសាកសមបំផុតនៅក្នុងរ៉ាដារបស់ LVMH ដ្បិតនៅទីនោះពោរពេញដោយក្រុមមហាសេដ្ឋី រស់នៅច្រើនបំផុតលើពិភពលោក។

ទោះជាយ៉ាងណា ក្រុមវិនិយោគិនរបស់ក្រុមហ៊ុន LVMH ហាក់មានការខ្វែងគំនិតជាមួយលោក Bernard Arnault ជុំវិញការពង្រីកអាជីវកម្មនៅអាមេរិក ដ្បិតពួកគេយល់ឃើញថា វាត្រូវការចំណាយដើមទុនច្រើន គួបផ្សំជាមួយការបោះជំហានចូលទីផ្សារប្រកួតប្រជែងថ្មីផង ដូច្នេះវាមានហានិភ័យខាតបង់ច្រើន បើសិនជាពង្រីកសាខាក្នុងពេលនេះ។

គួររំលឹកបន្តិចថា បច្ចុប្បន្ន LVMH មានរោងចក្រផលិតមួយនៅក្នុងរដ្ឋតិចសាស់ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៩ និងមានហាងលក់ទំនិញចំនួន ២នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា ដែលបានបើកសម្ពោធកាលពីឆ្នាំ១៩៩០ និងឆ្នាំ២០១១៕

អត្ថបទ៖ Luffy រូបភាព៖ Reuters