Trump គំរាមទារពន្ធ ១០០% ពីក្រុម BRICS ដែលមានបំណងបង្កើតរូបិយវត្ថុថ្មីជំនួសលុយដុល្លារ

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានព្រមានទៅកាន់សមាជិកក្រុមប្រទេស BRICS ដែលមានបំណងចង់បង្កើតរូបិយវត្ថុថ្មី សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជំនួសឲ្យប្រាក់ដុល្លារ ដោយគំរាមតំឡើងពន្ធទំនិញ ១០០%។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ការព្រមានចុងក្រោយរបស់លោក Trump គឺប្រៀបដូចជាការដាស់តឿនទៅកាន់ក្រុម BRICS ម្ដងទៀត ដ្បិតមេដឹកនាំអាមេរិករូបនេះ ធ្លាប់បានគំរាម BRICS រឿងតំឡើងពន្ធគយ ១០០% ជារឿយៗ បន្ទាប់ពីឡើងអង្គុយកៅអីប្រធានាធិបតី។

លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា៖ ពួកយើងត្រូវចាំបាច់ទទួលបានការប្ដេជ្ញាចិត្តពីប្រទេសអរិភាពទាំងនេះ ថានឹងមិនបង្កើតរូបិយប័ណ្ណ BRICS ដើម្បីជំនួសប្រាក់ដុល្លារអាមេរិក បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយការទាមទារពន្ធ ១០០%។

ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណសំខាន់បំផុតមួយ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិទូទាំងពិភពលោក ដូច្នេះមហាអំណាចផ្សេងៗត្រូវចាំបាច់ពឹងផ្អែកលើអាមេរិក ដើម្បីធ្វើអាជីវកម្មផ្សេងៗ។

សមាជិកក្រុម BRICS មួយចំនួនធំដូចជា រុស្ស៊ី និងចិន មានមហិច្ឆតាបង្កើតរូបិយប័ណ្ណថ្មី ដើម្បីជំនួសប្រាក់ដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ ជាមួយគោលបំណងកាត់បន្ថយការពឹងផ្អែកលើអាមេរិក និងកាត់បន្ថយឥទ្ធិពលដែលអាមេរិក កំពុងមានលើស្ថានភាពសេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ CBS / Taxscan