កាលពីថ្ងៃពុធ ទី២៩ ខែមករា ក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋីអាមេរិក Mark Zuckerberg បានប្រកាសថា ពួកគេយល់ព្រមសងសំណង ២៥លានដុល្លារ បញ្ចប់រឿងក្ដីជាមួយប្រធានាធិបតី Donald Trump ដែលបានប្ដឹងពួកគេកាលពីឆ្នាំ២០២១។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Trump បានប្ដឹងទៅកាន់ក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Facebook, Google និង Twitter កាលពីឆ្នាំ២០២១ ក្រោយក្រុមហ៊ុនទាំងនោះបានបង្កកគណនីបណ្ដាញសង្គមរបស់លោក ជុំវិញការវាយប្រហារលើវិមាន Capitol ក្នុងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
ទឹកប្រាក់ ២២លានដុល្លារបានមកពីសំណងរបស់ក្រុមហ៊ុន Facebook នឹងត្រូវផ្ទេរចូលទៅកាន់មូលនិធិ សម្រាប់បណ្ណាល័យប្រធានាធិបតី Trump ខណៈទឹកប្រាក់ដែលសេសល់ នឹងត្រូវកាត់កងចំពោះថ្លៃសេវាកម្មផ្លូវច្បាប់ និងដើមបណ្ដឹងដទៃទៀត។
សូមជម្រាបដែរថា ដំណើររឿងក្ដីមួយនេះត្រូវបានពន្យារពេលអស់រាប់ឆ្នាំ ដោយគ្មានការលើកមកជជែកវែកញែក រហូតដល់លោក Donald Trump ឈ្នះឆ្នោតក្លាយជាមេដឹកនាំអាមេរិក ទើបវាត្រូវបានសើរើមកដោះស្រាយវិញ៕
អត្ថបទ៖ Luffy រូបភាព៖ Deccan Harold