នាយករដ្ឋមន្ត្រីថៃត្រៀមសុំការអន្តរាគមន៍ពីលោក Xi ជុំវិញការព្រួយបារម្ភរបស់ភ្ញៀវទេសចរណ៍ចិន

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីនឹងជួបជាមួយមេដឹកនាំកំពូល Xi Jinping ពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញភាពព្រួយបារម្ភរបស់ភ្ញៀវទេសចរណ៍ចិន មកកម្សាន្តនៅថៃ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រីនាយករដ្ឋមន្ត្រីមានបំណងធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកុម្ភៈ បន្ទាប់ពីទទួលដំណឹងថា ភ្ញៀវទេសចរណ៍ចិនជាច្រើនរូប បានលុបចោលដំណើរកម្សាន្តមកប្រទេសថៃ ក្រោយមានករណីចាប់ជម្រិតតារាសម្ដែងជនជាតិចិន នៅព្រំដែនថៃ-មីយ៉ាន់ម៉ាកាលពីដើមខែនេះ។

ថ្នាក់ដឹកនាំថៃរូបនេះអះអាងថា លោកស្រីនឹងសុំអន្តរាគមពីមេដឹកនាំកំពូលចិន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងលុបចោលនូវការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន អំពីសុវត្ថិភាពក្នុងប្រទេសថៃ ដើម្បីឲ្យប្រជាជនចិនអាចធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ដោយក្ដីរីករាយ គ្មានការព្រួយបារម្ភ។

គួររំលឹកបន្តិចថា សេដ្ឋកិច្ចនៃប្រទេសថៃ ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ខណៈជនជាតិចិនគឺជាប្រភពចំណូលធំបំផុតក្នុងវិស័យមួយនេះ។ របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ២០២៤ ថៃបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិ ៣៥,៥លាននាក់ ដោយក្នុងនោះជនជាតិចិនមានរហូតដល់ ៦,៧លាននាក់៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost