សារមន្ទីរមានអ្នកចូលទស្សនាច្រើនបំផុតលើលោក កំពុងសុំជំនួយជួសជុលអគារពីរដ្ឋាភិបាលបារាំង

សារមន្ទីរ The Louvre នៃប្រទេសបារាំង និងមានអ្នកចូលទស្សនាច្រើនបំផុតលើលោក ដោយសារមានផ្ទាំងគំនូរដ៏ល្បីឈ្មោះ Mona Lisa របស់អ្នកប្រាជ្ញ Leonardo da Vinci កំពុងអំពាវនាវសុំឲ្យរដ្ឋាភិបាលបារាំង ជួយជួសជុលអគារដែលមានសភាពទ្រុឌទ្រោមខ្លាំង។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា ប្រធានសារមន្ទីរលោក Laurence des Cars បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ Rachida Dati ថា អគារសារមន្ទីរដែលមានអាយុកាលខ្ទង់រយឆ្នាំមួយនេះ កំពុងស្ថិតក្នុងដំណាក់កាលទ្រុឌទ្រោមខ្លាំង ដោយមានការលេចធ្លាយទុយោទឹក បង្កឲ្យមានការខូចខាតរូបគំនូរ។

បើទោះជាលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ មិនបានបញ្ជាក់ពីការសុំជំនួយហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែប៉ុស្តិ៍ទូរទស្សន៍បារាំង BFM បានអះអាងថា ថ្លៃជួសជុលអគារវ័យចំណាស់មួយនេះ ត្រូវចំណាយខ្ទង់ ៥០០លានអឺរ៉ូ ឬប្រហែល ៥២០លានដុល្លារ។

ការណ៍នេះអាចក្លាយជាបញ្ហាចោទខ្លាំង សម្រាប់រដ្ឋាភិបាលប្រធានាធិបតីបារាំង Emmanuel Macron ដ្បិតបច្ចុប្បន្នរដ្ឋបាលរបស់លោកកំពុងជួបប្រទះភាពជាប់គាំង ក្នុងការស្នើសុំកញ្ចប់ចំណាយប្រចាំឆ្នាំ២០២៥ ពីរដ្ឋសភា។

សូមជម្រាបដែរថា សារមន្ទីរ The Louvre ត្រូវបានរចនាឡើងនៅចុងសតវត្សទី១២ ក្នុងទីក្រុងប៉ារីស អាចទទួលភ្ញៀវចូលទស្សនាប្រហែល ៤លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០១៨ ចំនួនភ្ញៀវបានកើនដល់ ១០,២លាននាក់៕

អត្ថបទ៖ Luffy រូបភាព៖ Blushrougette