ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសប្រាប់គ្រប់បុគ្គលិកសហព័ន្ធទាំងអស់ ដែលគ្មានបំណងមកធ្វើការពេញម៉ោងនៅការិយាល័យ ឲ្យប្រញាប់លាលែងពីតំណែង ដោយរូបលោកនឹងមានសំណងជូនពួកគេ។


ទីភ្នាក់ងារ FT បានរាយការណ៍ថា សេតវិមានបានប្រកាសថា បុគ្គលិកសហព័ន្ធទាំងអស់ ដែលគ្មានបំណងមកធ្វើការនៅការិយាល័យ អាចដាក់ពាក្យលាលែងបាន ដោយទទួលបានប្រាក់ខែរយៈពេល ៨ខែជាសំណង ហើយពួកគេមានពេលត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ក្នុងការសម្រេចចិត្ត។
មន្ត្រីរដ្ឋបាលលោក Trump បានបង្ហើបថា សំណើមួយនេះគឺមានសុពលភាពសម្រាប់បុគ្គលិកសហព័ន្ធពេញម៉ោងទាំងអស់ លើកលែងតែសមាជិកនៃកងកម្លាំងប្រដាប់អាវុធ សេវាប្រៃសណីយ៍សហរដ្ឋអាមេរិក និងមុខតំណែងទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ប៉ុណ្ណោះ។
បុគ្គលិកសហព័ន្ធអាចសម្រេចមកធ្វើការពេញម៉ោងនៅការិយាល័យវិញបាន ប៉ុន្តែពួកគេទំនងប្រឈមនឹងការជម្រុះចេញនាពេលក្រោយទៀត។ នេះបើតាមការអះអាងពីកាសែត Financial Times។
គួររំលឹកបន្តិចថា បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម លោក Donald Trump បានប្រកាសឲ្យបុគ្គលិកសហព័ន្ធទាំងអស់ ត្រូវមកធ្វើការនៅការិយាល័យពេញម៉ោង ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលថ្មី រួមទាំងរៀបចំវិធានការកាត់បន្ថយការចំណាយរដ្ឋាភិបាល តាមរយៈការជម្រុះបុគ្គលិកតាមស្ថាប័នផ្សេងៗជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ AOL