ក្រោយបញ្ចប់ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោកំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ កាលខែធ្នូ ឆ្នាំ២០២៤ ចាប់ពីព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) នៃភូមិសាស្តរខេត្តកណ្តាល។ សម្រាប់កំណាត់ទី២ គ្រោងបញ្ចប់ក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យសាធារណការ និងដឹកជញ្ជូន។


លោក ផន រឹម លើបណ្តាញសង្គមផ្ទាល់ខ្លួនបានលើកឡើងថា ដើម្បីប្រសិទ្ធភាពការកាន់តែប្រសើរឡើង ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបណ្តុះបណ្ដាលការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ ដែលទើបបំពាក់បន្ថែម ដល់ក្រុមការងារដើម្បីត្រៀមចុះបេសកកម្មប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២។
លោកបន្តថា ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យលោក ផន រឹម ពេលក្រុមការងារទៅដល់កន្លែងណានោះនៃដំណើរការចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងបានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមផែនការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។
គម្រោងព្រែកជីកហ្វូណនតេជោ មានជម្រៅទឹក៥,៤ម៉ែត្រ ដែលតភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ផេកហ្វេសប៊ុកលោក ផន រឹម