លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីចំនួន ២២,៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរបប០២ឆ្នាំ (២០២៥) មានចំនួន ២២,២៩២រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង៩៧,៨៧% និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១រូប។
ដោយឡែកមន្ត្រី ១៣១រូបទៀតបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែង លាឈប់ និងចូលនិវត្តន៍។ ការលើកឡើងរបស់ ឱម យិនទៀង ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤៣ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។


លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាកិច្ចការដែលពិភពលោកទាំងមូលធ្វើ ដោយគ្រាន់តែរបៀបធ្វើផ្សេងៗពីគ្នាប៉ុណ្ណោះ។ បុគ្គលដែលមានភារកិច្ច ត្រូវរាយការណ៍នៅក្នុងសំណុំឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ អំពីទ្រព្យសម្បត្តិទាំងឡាយណាដែលមាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីជាប់កាតព្វកិច្ច ជាង២ម៉ឺននាក់ នៅក្នុងនោះមានមន្ត្រីតែងតាំងថ្មីជាង៣ពាន់នាក់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ACU