កាលពីថ្ងៃចន្ទ ទី២៧ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋ Florida ថា លោកនឹងចេញបទបញ្ជាប្រតិបត្តិថ្មីៗចំនួន ៤ ដើម្បីរឹតបន្តឹង លើកកំពស់វិស័យយោធាអាមេរិកឲ្យកាន់តែខ្លាំងមួយកម្រិតទៀត។


ទីភ្នាក់ងារព័ត៌មាន Aljazeera បានចុះផ្សាយថា បទបញ្ជាដំបូងដែលលោក Trump គ្រោងចុះហត្ថលេខាគឺ បញ្ជាឲ្យសាងសង់ខែលការពារគ្រាប់មីស៊ីល Iron Dome ភ្លាមៗ ដើម្បីការពារសុវត្ថិភាពប្រជាជនអាមេរិក។
បទបញ្ជាចំនួន ២ផ្សេងទៀត គឺមានគោលបំណងដកចេញនូវគំនិតផ្តួចផ្តើមពីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល (DEI) ដើម្បីដកចេញ “មនោគមវិជ្ជាប្តូរភេទ” ពីកងកម្លាំងយោធាអាមេរិក។
ចំណែកឯបទបញ្ជាទី៤ គឺតម្រូវឲ្យបញ្ចូលបុគ្គលិកបម្រើការក្នុងផ្នែកយោធា ដែលត្រូវបានជម្រុះចេញ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយសារបដិសេធមិនគោរពតាមអាណត្តិនាពេលនោះ។ បុគ្គលិកប្រហែល ៨ ០០០នាក់ ត្រូវបានបណ្ដេញចេញពីការងារ ក្រោមហេតុផលមួយនេះ ចន្លោះពីខែសីហា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២៣។
ប្រធានាធិបតីអាមេរិក Donald Trump បានសង្កត់ធ្ងន់ថា បទបញ្ជាប្រតិបត្តិការទាំង ៤នេះ គឺជាយុទ្ធសាស្ត្រសំខាន់បំផុត ក្នុងការធានាបានថា អាមេរិកមានកងកម្លាំងយោធាខ្លាំងបំផុតលើពិភពលោក៕
អត្ថបទ៖ Luffy រូបភាព៖ Aljazeera